ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កំពុងរៀបចំយុទ្ធសាស្ត្រ បង្កើតមជ្ឈមណ្ឌលឧស្សាហកម្មស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំមុនគេ ធ្វើយ៉ាងណាឱ្យស្វាយចន្ទីកម្ពុជា ក្លាយជាអធិរាជស្វាយចន្ទី ។
ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាង១ឆ្នាំនេះ ចាប់ពីសម្តេចឡើងជានាយករដ្ឋមន្ត្រី បានប្រជុំជាច្រើនដង ដោយបានរៀបចំសាកល្បងមួយជំហានហើយ ដើម្បីប្រែក្លាយរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍស្វាយចន្ទី តាមរយៈការដាក់ចេញនូវការប្រតិបត្តិជាក់ស្តែង ដោយយកខេត្តកំពង់ធំជាការចាប់ផ្តើម ជាមជ្ឈមណ្ឌលមុនគេ ជាឧស្សាហកម្មស្វាយចន្ទី ។
ក្នុងនោះសម្តេចធិបតី បានបញ្ជាក់ថា បានឱ្យរៀបចំសួនឧស្សាហកម្មមួយនៅខេត្តកំពង់ ដោយកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលជាការវិនិយោគរបស់រដ្ឋ ខណៈវិស័យឯកជន ជាអ្នកវិនិយោគលើឧស្សាហកម្មកែឆ្នៃ ។
បន្ថែមលើនេះ សម្តេចធិបតី គូសបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីបង្កើតទីផ្សារនៅនឹងកន្លែង ដោយបង្កើតឧស្សាហកម្មកែឆ្នៃនៅក្នុងស្រុកដើម្បីនាំចេញផលិតផលសម្រេច ខណៈដែលកម្ពុជា ធ្លាប់តែប្រើប្រាស់ទីផ្សារនៅខាងក្រៅច្រើន ដោយការនាំផលិតផលឆៅទៅអន្តរជាតិ ។
សម្តេចធិបតី មានប្រសាសន៍ថា “សង្ឃឹមថា ទៅថ្ងៃក្រោយស្វាយចន្ទីកម្ពុជា ជាអធិរាជនៃស្វាយចន្ទី ហើយខេត្តកំពង់ធំគឺជាខេត្តស្នូលមួយ នៃអ្នកផលិតស្វាយចន្ទីច្រើន កសិករនៅទីនេះ កាន់តែល្អ ។ យើងមិនត្រឹមតែសង្ឃឹមដេកស្រមៃទេ យើងដាក់គោលដៅធ្វើពិតប្រាកដ ហើយកិច្ចការងារនេះខ្ញុំរុញផ្ទាល់តែម្តងជាមួយក្រុមការងារ ដែលប្រទាក់ក្រឡាជាមួយវិស័យឯកជនធ្វើតែម្តង”៕
