ព័ត៌មានអន្តរជាតិ

ស្លាប់ ៤នាក់ និងបាត់ខ្លួន ៣៨នាក់ ក្រោយកប៉ាល់លិចនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី

xinhua

ហ្សាកាតា៖ មន្ត្រីជួយសង្គ្រោះជាន់ខ្ពស់ម្នាក់បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤ នាក់បានស្លាប់ ២៣ នាក់ទៀតនៅរស់រានមានជីវិត និង ៣៨ នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីកប៉ាល់ឈើដឹកអ្នកដំណើរ មួយគ្រឿងបានក្រឡាប់នៅជិតកោះបាលីរបស់ប្រទេសឥណ្ឌូណេស៊ី មុនពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃពុធ។

លោក I Nyoman Sidakarya ប្រធានការិយាល័យស្រាវជ្រាវ និងជួយសង្គ្រោះនៅកោះបាលី បានឲ្យដឹងថា កប៉ាល់ Tunu Pratama Jaya Penumpang Motor ត្រូវបានវាយប្រហារដោយរលកដ៏ធំ ខណៈពេលដែលកំពុងធ្វើដំណើរតាមព្រំដែនសមុទ្ររវាងកោះ Bali និង East Java ។

លោក Nyoman បានប្រាប់ស៊ីនហួតាមទូរស័ព្ទថា៖ «មនុស្ស បីនាក់ត្រូវបានគេប្រទះឃើញស្លាប់ ហើយបួននាក់ផ្សេងទៀតត្រូវបានគេជួយសង្គ្រោះនៅរស់»។ កប៉ាល់បានចាកចេញពីកំពង់ផែមួយនៅ Banyuwangi Regency ភាគខាងកើតកោះ Java ហើយកំពុងធ្វើដំណើរទៅកាន់កំពង់ផែមួយនៅក្នុងភូមិ Gilimanuk សង្កាត់ Jembrana Regency កោះបាលី។ យោងតាមលោក Nyoman ចរន្តខ្លាំង និងរលកធំៗបានបណ្តាលឲ្យកប៉ាល់នេះក្រឡាប់ទាំងស្រុង។

បច្ចុប្បន្ន ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការ ដោយមានការចូលរួមពីក្រុមមកពីកោះបាលី និងជ្វាខាងកើត។ អ្នកជួយសង្គ្រោះសរុបចំនួន ៣៥នាក់មកពីកោះបាលី ត្រូវបានដាក់ពង្រាយ រួមជាមួយនឹងនាវាជួយសង្គ្រោះ និងទូកកៅស៊ូ។ លោក Nyoman បានបញ្ជាក់ថា កប៉ាល់នោះបានដឹកអ្នកដំណើរចំនួន ៥៣នាក់ និងសមាជិកនាវិក ១២នាក់ នៅពេលកើតហេតុ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top