កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងភរិយា នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៦០វត្ត ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ពិធីប្រគេនទៀនចំណាំព្រះវស្សានេះ ត្រូវបានប្រារព្ធនៅទីតាំង២ដាច់ដោយឡែកពីគ្នា គឺនៅវត្តឧទុម្ពរ ហៅវត្តក្រាំងល្វា ស្ថិតនៅក្នុងភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ និងនៅវត្តខ្លុងពពក ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការនិមន្ដ និងអញ្ជើញចូលរួមពីសំណាក់ ព្រះអនុគណ និងព្រះចៅអធិការវត្តទាំង៦០ ក្នុងស្រុកទាំងពីរ ។

លោក ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុកាពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះ ព្រះសង្ឃ ថ្នាក់ដឹកនាំ និងលោកយាយ លោកតា ទាំងអស់ផងដែរ។

លោករដ្ឋមន្ដ្រី បានបន្តថា សមិទ្ធផលនានា ពិធីប្រគេនទៀន ចំណាំព្រះវស្សា និងការប្រារព្ធពិធីបុណ្យសាសនាផ្សេងៗ អាចប្រព្រឹត្តទៅបានក៏ ដោយសារប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ បរិបូរណ៍ មានស្ថិរភាពនយោបាយ នៅទូទាំងប្រទេស ដែលបានមកដោយសារ ការយកជីវិតជាដើមទុន និងការដឹកនាំដ៏ឈ្លាសវៃ និងកិត្តិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន និងការបន្តវេនដឹកនាំប្រកប ដោយថាមវន្តរបស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាម្រមុខដឹកនាំដ៏ឈ្លាសវៃ មានចក្ខុវិស័យវែងឆ្ងាយ ដឹកនាំប្រទេសឈានទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្ដី បានអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាសមិទ្ធផល ដែលមានស្រាប់ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ហើយបន្ដគាំទ្ររាជរដ្ឋាភិបាល និងគាំទ្រចំណាត់ការដ៍ម៉ឺងម៉ាត់ និងច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការដាក់ពាក្យបណ្ដឹងករណីវិវាទព្រំដែននៅតំបន់ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌ អន្តរជាតិ (ICJ) ទន្ទឹមនឹងការប្រើយន្តការទ្វេភាគី ដែលមានស្រាប់ក្នុងការចរចារ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ព្រមទាំងការត្រៀមកម្លាំង ការពារទឹកដី និងវាយបកលើសត្រូវក្នុងករណី មានការឈ្លានពានណា មួយមកលើកម្ពុជា៕





