ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សារដ្ឋរបស់ថៃថា នាយករដ្ឋមន្ត្រីស្តីទីគ្មាន​សិទ្ធិអំណាចរំលាយសភានោះទេ ប៉ុន្តែលោក Phumtham Wechayachai ថា លោកអាចរំលាយសភាបាន

បរទេស៖ ឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ គឺលោក Phumtham Wechayachai បានច្រានចោលការយល់ឃើញរបស់ក្រុមប្រឹក្សារដ្ឋ (CoS) អំពីអំណាចរបស់នាយករដ្ឋមន្ត្រីស្តីទី ក្នុងការរំលាយសភាតំណាងរាស្រ្តថា នេះគ្រាន់តែជាទស្សនៈផ្លូវច្បាប់មួយ ក្នុងចំណោមទស្សនៈច្បាប់ជាច្រើនប៉ុណ្ណោះ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ការកត់សម្គាល់របស់លោក Phumtham Wechayachai កាលពីថ្ងៃចន្ទ បន្ទាប់ពីមានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថា ក្រុមប្រឹក្សារដ្ឋ បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសកាលពីថ្ងៃទី ៣ ខែកក្កដាថា នាយករដ្ឋមន្ត្រីស្តីទីគ្មានសិទ្ធិអំណាចផ្លូវច្បាប់ ក្នុងការរំលាយសភានោះទេ។

លោក Phumtham ដែលបច្ចុប្បន្នកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី បាននិយាយថា គំនិតរបស់ ក្រុមប្រឹក្សារដ្ឋ ដែលផ្តល់ដោយអគ្គលេខាធិការរបស់ខ្លួន មិនមែនជាគោលជំហរផ្លូវការទេ ហើយកំពុងត្រូវបានចាត់ទុកជាទស្សនៈផ្លូវច្បាប់មួយ ក្នុងចំណោមទស្សនៈច្បាប់ជាច្រើនដែលកំពុងត្រូវបានពិចារណា បន្ទាប់ពីនាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra ត្រូវបានព្យួរពីតួនាទី ដោយរង់ចាំការសម្រេចរបស់តុលាការ។

លោកស្រី Paetongtarn ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​ខុស​ ក្រមសីលធម៌​ជុំវិញ​ការ​លេច​ធ្លាយ​ការ​សន្ទនា ​របស់​លោកស្រី​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា អំពី​ជម្លោះ​ព្រំដែន​ដែល​កំពុង​បន្ត។

ឥឡូវនេះ សំណួរបានកើតឡើងថាតើលោក Phumtham មានអំណាចក្នុងការរំលាយសភាដែរឬទេ ប្រសិនបើលោកស្រី Paetongtarn ត្រូវបានដកចេញពីតំណែងជាយ ថាហេតុដោយតុលាការធម្មនុញ្ញ។

បើតាមលោក Phumtham អំណាចរបស់លោកក្នុងការរំលាយសភាមិនមែនជា បញ្ហាដែលត្រូវផ្តោតលើដំណាក់កាលនេះទេ។

ប្រែសម្រួលៈ ណៃ តុលា

To Top