កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអះអាងថា នឹងខិតខំកសាងអាគារសិក្សាឱ្យបានកាន់តែច្រើនថែមទៀត បន្ថែមលើអ្វីជាសមទ្ធផលរបស់សម្តេចតេជោ បានកសាងកន្លងមក ធ្វើយ៉ាងណាឱ្យកូនខ្មែរគ្រប់ទីកន្លែងទូទាំងប្រទេស ទទួលបានឱកាសសិក្សារៀនសូត្របានកាន់តែច្រើន។
ការអះអាងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ ស្ថិតនៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ ។
ក្នុងនោះសម្តេចធិបតី បានគូសបញ្ជាក់ថា គ្រាន់តែអាគារសិក្សាស្រដៀលគ្នា នឹងអាគារសិក្សា នៅវិទ្យាល័យឧដុង្គ ដែលទទួលសាងសងដោយ លោក ខេង សុមេធ មានរាប់ពាន់ខ្នងរួចទៅហើយ ដែលជាមសទ្ធផលរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីធ្វើយ៉ាងណាឱ្យកូនខ្មែរគ្រប់ទីកន្លែងទាំងអស់ មានឱកាសបានសិក្សារៀនសូត្រ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “រាជរដ្ឋាភិបាល នៅក្នុងអាណត្តិនេះ នឹងបន្តកសាងបន្ថែមទៀត ជំរុញដើម្បីធ្វើយ៉ាងណាកូនខ្មែរ កាន់តែមានឱកាសតទៅទៀត យើងនឹងបន្តកសាងសមទ្ធផលបន្ថែមទៀត ពង្រីកមូលដ្ឋានគ្រូ និងមូលដ្ឋានមធ្យមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ឱ្យបានកាន់តែជ្រើន”៕
