ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ចុះពិនិត្យ និងអនុវត្តវិធានការច្បាប់ ទប់ស្កាត់ការបំពុលបរិស្ថាន ៣០ករណី ក្នុងឆមាសទី១

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចុះអនុវត្តវិធានការច្បាប់ ស្របតាមក្របបរិស្ថាននិងធនធម្មជាតិ និងបទដ្ឋានគតិយុត្ត ដែលមានជាធរមាន ចំពោះក្រុមហ៊ុននិងរោងចក្រ ដែលបានធ្វើការបំពុលបរិស្ថាន ចំនួន៣០ ករណី ក្នុងឆមាសទី១ ឆ្នាំ២០២៥។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បាននិងកំពុងធ្វើទំនើបកម្ម និងការតាមដានត្រួតពិនិត្យ និងទប់ស្កាត់ការ បំពុលបរិស្ថាន ដោយសារការបញ្ចេញសំណល់ ដែលបង្កហានិភ័យ ខ្ពស់ដល់បរិស្ថាន សំដៅលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ កាត់បន្ថយការបំពុលបរិស្ថាន (ទឹក ដី ខ្យល់) ពីក្រុមហ៊ុននិងរោងចក្រ សហគ្រាស នៅកម្ពុជា។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា គូសបញ្ជាក់ថា « ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រសួងបរិស្ថាន តាមរយៈក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ បានចុះអនុវត្តវិធានការច្បាប់ ស្របតាមក្របបរិស្ថាន និងធនធម្មជាតិ និងបទដ្ឋានគតិយុត្ត ដែលមានជាធរមាន ចំពោះក្រុមហ៊ុននិងរោងចក្រ ដែលបានធ្វើការបំពុលបរិស្ថាន ចំនួន៣០ ករណី ក្នុងនោះមានក្រុមហ៊ុន និងរោងចក្រ ដែលបានបញ្ចេញសំណល់រាវ បំពុលតំបន់ទឹកសាធារណៈ ចំនួន ២៦ ករណី និងក្រុមហ៊ុននិងរោងចក្រ បានបំពុលខ្យល់ចំនួន៤ ករណី»។

ទន្ទឹមការចុះត្រួតពិនិត្យនិងរកឃើញ ក្រុមហ៊ុននិងរោងចក្រទាំងនោះ ដែលបានប្រព្រឹត្តផ្ទុយនឹងច្បាប់របស់ប្រទេសកម្ពុជា ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ មិនលើកលែង ដែលក្នុងនោះបានចេញលិខិតពិន័យ និងលិខិតបញ្ជាកែប្រែ ចំនួន២៤ ទីតាំង ក្នុងនោះមាន លិខិតផ្អាកដំណើរការ ផលិតកម្មចំនួន ២ក្រុមហ៊ុន គឺក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd និងក្រុមហ៊ុន KUBON (CAMBODIA) TECHNOLOGY CO., LTD. ដែលមានទីតាំងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដោយឡែកក្រសួងបរិស្ថាន បាននិងកំពុងរៀបចំរបាយការណ៍ និងលិខិតពិន័យ រួមទាំងលិខិតបញ្ជាកែប្រែ ចំពោះក្រុមហ៊ុននិងរោងចក្រ ចំនួន៦ ទីតាំងផ្សេងទៀត។

អ្នកនាំពាក្យ ក្រសួងបរិស្ថាន បានបន្ថែមថា ដើម្បីពង្រឹងការតាមដាន ត្រួតពិនិត្យការបំពុលបរិស្ថាន ការបញ្ចេញសំណល់ ដែលបង្កហានិភ័យខ្ពស់ ដល់បរិស្ថាន មានក្រុមហ៊ុន និងរោងចក្រ ចំនួន៥០កន្លែង កំពុងធ្វើអាជីវកម្មនៅកម្ពុជា បានចុះកិច្ចសន្យាបំពាក់ឧបករណ៍ ស្វ័យត្រួតពិនិត្យ ដើម្បីបញ្ចៀសការលេចជ្រាប ឬការលួចបង្ហូរសំណល់រាវ ដែលមានសារធាតុពុល ចូលទៅក្នុងប្រភពទឹកសាធារណៈ និងតំបន់ទឹកធម្មជាតិ ស្របទៅតាមក្រមបរិស្ថាន និងលិខិតបទដ្ឋានច្បាប់ពាក់ព័ន្ធនានា ដែលបានដាក់ចេញកន្លងមក។ ក្នុងចំណោមក្រុមហ៊ុននិងរោងចក្រទាំងនោះ មានក្រុមហ៊ុននិងរោងចក្រចំនួន ៣៥ ទីតាំង បានបំពាក់ឧបករណ៍ ស្វ័យត្រួតពិនិត្យនេះរួចហើយ ដែលភាគច្រើននៅក្នុងខេត្តកណ្តាល និងនៅរាជធានីភ្នំពេញ៕

To Top