ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់​ គ.ជ.ប.​៖​ ការងារអប់រំ ផ្សព្វផ្សាយ និងការងារទំនាក់ទំនងសាធារណៈ ដើរតួនាទីយ៉ាងសំខាន់​ ដែលមិនអាចខ្វះបាន​ នៅគ្រប់ដំណាក់កាលបោះឆ្នោត

ភ្នំពេញ៖​ លោក ស៊ុំ ប៊ុនហុង អគ្គនាយកនៃ អអព.ទស​ បានថ្លែងគូសបញ្ជាក់ថា​ ការងារអប់រំ ការងារផ្សព្វផ្សាយ និងការងារទំនាក់ទំនងសាធារណៈ ដើរតួនាទីយ៉ាងសំខាន់​ ដែលមិនអាចខ្វះបាននៅគ្រប់ដំណាក់កាលនីមួយៗ​ នៃដំណើរការបោះឆ្នោត។ 

ការថ្លែងរបស់​លោក ស៊ុំ ប៊ុនហុង អគ្គនាយកនៃ អអព.ទស ខាងលេីនេះ​ ធ្វេីឡេីងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល​ ពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប ឆ្នាំ២០២៥​ ស្តីពី «ការយល់ដឹងអំពីព័ត៌មានក្លែងក្លាយ​ ក្នុងបរិបទបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)»​ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥​ នៅសាលប្រជុំរដ្ឋបាល ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ។

ក្នុងនោះលោក​ ស៊ុំ ប៊ុនហុង បានគូសបញ្ជាក់ថា​ តាមរយៈការចូលរួមក្នុងការងារបោះឆ្នោត ពីការបោះឆ្នោតមួយ ទៅការបោះឆ្នោតមួយ ប្រជាពលរដ្ឋខ្មែរ សាធារណជន និងភាគីពាក់ព័ន្ធកាន់តែមានការយល់ដឹង​ ពីការបោះឆ្នោត ការប្រើប្រាស់សិទ្ធិ តួនាទី និងភារកិច្ច ក្នុងការចូលរួម ក្នុងដំណើរការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតនៅកម្ពុជា។ ការងារអប់រំ និងការងារផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់​ ក្នុងការបង្កើនទំនុកចិត្ត​ របស់ប្រជាពលរដ្ឋ​ មកលើការបោះឆ្នោត និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងធានានូវតម្លាភាពនៃការបោះឆ្នោត។

លោកបានបន្ថែមថា​ នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខនេះ គឺជាឆ្នាំដែល គ.ជ.ប ត្រូវត្រៀមរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ និងការបោះឆ្នោត​ ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៨។​ អគ្គនាយកដ្ឋាន អប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ គឺជាសេនាធិការឱ្យអគ្គលេខាធិការដ្ឋាន គ.ជ.ប លើការងារបណ្តុះបណ្តាល ការងារអប់រំ ការងារផ្សព្វផ្សាយជូនដល់សាធារណជន និងភាគីពាក់ព័ន្ធ។ អគ្គនាយកដ្ឋាន មាននាយកដ្ឋាន ចំណុះ ២ គឺនាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត និងនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដែលជាអ្នកទទួលបន្ទុកអនុវត្ត។

បន្ថែមលេីនេះ​ លោក​ ស៊ុំ ប៊ុនហុង ​បានបញ្ជាក់ថា​ ដើម្បីពង្រឹងការអនុវត្តភារកិច្ចរបស់ខ្លួន​ ក្នុងការបណ្តុះបណ្តាល ការអប់រំ ការផ្សព្វផ្សាយ និងការងារទំនាក់ទំនងសាធារណៈ ថ្ងៃនេះ នាយកដ្ឋានបណ្ដុះបណ្ដាល និងអប់រំអ្នកបោះឆ្នោត បានរៀបចំ វគ្គបណ្ដុះបណ្ដាលនេះឡើង ក្នុងគោលបំណងចែករំលែកចំណេះដឹង និងការសិក្សាស្រាវជ្រាវ​ ត្រៀមរៀបចំចងក្រងនឹងបង្កើតមាតិកាអប់រំ​ អ្នកបោះឆ្នោត ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្នុងការលើកកម្ពស់ការយល់ដឹង អំពីលទ្ធិប្រជាធិតេយ្យ តាមរយៈការបោះឆ្នោត​ នៅកម្ពុជា ដើម្បីជាគុណប្រយោជន៍ ដល់អ្នកបោះឆ្នោតសាធារណជន ភាគីពាក់ព័ន្ធ និងអ្នកសិក្សាស្រាវជ្រាវ។

លោកបា​ឱ្យដឹងថា​ ក្នុងនាមអង្គភាពជំនាញ​ ទទួលបន្ទុកអនុវត្តការងារទាំងអស់នេះ ចាំបាច់ណាស់ត្រូវត្រៀមរៀបចំផែនការសកម្មភាព និងយុទ្ធសាស្ត្រការងារអប់រំរបស់ខ្លួន​ ឱ្យបានច្បាស់លាស់ជាមុន ដើម្បីបម្រើម្ចាស់ឆ្នោត មិនថាពួកគេជានរណា ឬរស់នៅទីណាក៏ដោយ។

ជាមួយគ្នានេះ​ លោក​ ស៊ុំ ប៊ុនហុង ​បានថ្លែងថា​ បេសកកម្មរបស់ គ.ជ.ប គឺអនុវត្តការងាររៀបចំចាត់ចែង និងគ្រប់គ្រងដំណើរការប្រព្រឹត្តទៅ​ នៃការបោះឆ្នោត ដោយអនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធី និងគោលការណ៍នានា ប្រកបដោយបរិយាបន្ន ស្របតាមច្បាប់ជាធរមាន។ ពីមួយឆ្នាំ ទៅមួយឆ្នាំ កម្ពុជាបានធ្វើដំណើរឆ្ពោះទៅមុខ គឺឆ្ពោះទៅពង្រឹងដំណើរការ​ នៃលទ្ធិប្រជាធិបតេយ្យឱ្យកាន់តែល្អប្រសើរឡើង តាមរយៈការបោះឆ្នោតយ៉ាងទៀងទាត់ តាមការកំណត់នៃច្បាប់។

លោក​ ស៊ុំ ប៊ុនហុង ​ថ្លែងបញ្ជាក់ថា​ ការងារអប់រំ ការងារផ្សព្វផ្សាយ និងការងារទំនាក់ទំនងសាធារណៈ ដើរតួនាទីយ៉ាងសំខាន់​ ដែលមិនអាចខ្វះបាននៅគ្រប់ដំណាក់កាលនីមួយៗ​ នៃដំណើរការបោះឆ្នោតរបស់យើង ហើយការងារទាំងនេះមិនត្រឹមតែជាការផ្តល់ចំណេះដឹងពីការបោះឆ្នោត​ ដល់ក្រុមគោលដៅប៉ុណ្ណោះទេ តែវា គឺជាការបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ និងពីគ្រប់ភាគីពាក់ព័ន្ធ មកលើការបោះឆ្នោត តាមរយៈការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ ។ បច្ចុប្បន្នការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នៅកម្ពុជា និងពិភពលោកមានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ក្នុងការផ្តល់ព័ត៌មាននានា ដើម្បីសម្របខ្លួនទៅនឹងបរិបទឌីជីថល និងសម័យកាលអ៊ីនធឺណិត។ តួអង្គនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI បាននិងកំពុងមានប្រជាប្រិយភាព និងពេញនិយមយ៉ាងខ្លាំងក្នុងការងារជាច្រើន។ 

ក្នុងនាមអង្គភាពទទួលបន្ទុក​ អនុវត្តការងារបោះឆ្នោតទាំងនៅថ្នាក់ គ.ជ.ប និងនៅថ្នាក់លធ.ខប លោកបា​នឱ្យត្រៀមខ្លួនទាំងអស់គ្នា ដើម្បីពង្រឹងសមត្ថភាពជំនាញឌីជីថល ក្នុងគោលបំណងទាញយក​ នូវផលប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AIនេះ ក្នុងការបង្កើតមាតិកាអប់រំក៏ដូចគ្នានឹងការងារត្រៀមខ្លួនក្នុងទប់ស្កាត់នូវហានិភ័យនៃព័ត៌មានក្លែងក្លាយ និងភាពលម្លៀងក្នុងការផលិតមាតិកាផ្សេងៗពាក់ព័ន្ធនឹងការបោះឆ្នោត ជាពិសេសនៅពេលដែលគេប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្នុងគោលបំណងកេងចំណេញនយោបាយ នោះតួអង្គ AIនេះ គឺជាតួអង្គអាវុធមុខពីរ។ 

សូមបញ្ជាក់ថា​ វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ នឹងចែករំលែក​ នូវបទពិសោធន៍ល្អៗ រួមទាំងចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងបញ្ហាប្រឈម ដើម្បីត្រៀមរៀបចំផែនការ​ សកម្មភាពឆ្នាំថ្មី ក្នុងគោលបំណងពីរ គឺប្រសិទ្ធភាព និងភាពសក្តិសិទ្ធិក្នុងការអនុវត្តការងារ ទៅតាមតួនាទី ភារកិច្ចរាងៗខ្លួន ហើយវគ្គបណ្ដុះបណ្ដាលនេះ មានប្រធានបទសំខាន់ៗ ចំនួន៤ រួមមាន៖

– ព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)

– យុទ្ធសាស្រ្តក្នុងការកំណត់ព័ត៌មានក្លែងក្លាយ និងវិធីទប់ស្កាត់ព័ត៌មានក្លែងក្លាយ

– បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការបោះឆ្នោត

– ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យអប់រំអ្នកបោះឆ្នោត៕

To Top