ទំនាក់ទំនងកម្ពុជា-ចិន កើតមានមកជាង១៣សតវត្សរួចមកហើយ និងមានទំនាក់ទំនងការទូត ជាផ្លូវការនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ១៩៥៨ ដែលនឹងមានអាយុកាល ៦៧ ឆ្នាំហើយបើគិតត្រឹមពេលនេះ ។ ទំនាក់ទំនងកម្ពុជាចិននេះ បានបន្តវឌ្ឍនភាព រហូតមកដល់ពេលបច្ចុប្បន្ន តាមរយៈការផ្លាស់ប្តូរគ្រប់កម្រិត និង ជាប្រចាំ រួមទាំងវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និង ប្រជាជន ។ ប្រទេសទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការ នយោបាយនិងយោធា ។ នៅឆ្នាំ២០០៦ប្រទេសយើងទាំងពីរ បានបង្កើតមាន កិច្ចសហប្រតិបត្តិការដៃគូ គ្រប់ជ្រុងជ្រោយ និង ឈានការបង្កើតឱ្យទៅ ជាកិច្ចសហប្រតិបត្តិការដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយនៅឆ្នាំ២០១០ ។ លើសពីនេះទៀត ប្រទេសយើងទាំងពីរ ក៏បានចុះហត្ថលេខាលើផែការ សកម្មភាព ២០១៩-២០២៣ ស្តីពីការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដោយធ្វើកិច្ចសហការលើវិស័យចំនួន ៥ គឺនយោបាយ សន្តិសុខ សេដ្ឋកិច្ច ទំនាក់ទំនងប្រជាជន និងប្រជាជន និង កិច្ចសហប្រតិបត្តិការពហុភាគីនិយម ។ ជាមួយគ្នានេះដែរ កម្ពុជា ក៏ចូលរួមយ៉ាងពេញទំហឹង ជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដើម្បីបង្កើតឱកាស ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។
ក្នុងឆ្នាំ២០២៥នេះ ទំនាក់ទំនងកម្ពុជា-ចិនកាន់តែមានភាពរឹងមាំបន្ថែមទៀត បន្ទាប់ពីមានដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី ស៊ី ជិនភីង មកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ ។ ដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះ បានធ្វើឱ្យទំនាក់ទំនង រវាងប្រទេសទាំងពីរមាន លទ្ធផលជាវិជ្ជមានយ៉ាងច្រើនសន្ធឹកសន្ធាប់រួមមាន វិស័យសេដ្ឋកិច្ច សង្គម និង វប្បធម៌ ។ ចំពោះកិច្ចសហប្រតិបត្តិការនយោបាយ ភាគីទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ក្នុងការថែរក្សាទំនាក់ទំនងយូរអង្វែងនិងជឿទុកចិត្តគ្នាជាយុទ្ធសាស្រ្ត ជាពិសេសលើវិស័យ ការបរទេស និង ការពារជាតិ ។
ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យ ការពារជាតិ និង សន្តិសុខ ភាគីទាំងពីរបានឯកភាពពង្រឹងយន្តការ កិច្ចសហប្រតិបត្តិការ រវាងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ រក្សាការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់គ្រប់កម្រិត និង បង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការ រួមទាំងការហ្វឹកហ្វឺន និង សមយុទ្ធរួម ដូចជាការសង្គ្រោះបន្ទាន់ និង ការជួយសង្គ្រោះមហន្តរាយ និង ការកែលម្អផ្នែកសេវាវេជ្ជសាស្រ្ត និងភស្តុភារកម្ម ។
ចំពោះសន្តិសុខមនុស្សជាតិ ភាគីទាំងពីរបានទទួលស្គាល់ការគំរាមកំហែង ជាសកលដែលបង្កឡើងដោយការ ប្រែប្រួលអាកាសធាតុ ពង្រឹងការការពារបរិស្ថាន ជំរុញកិច្ចសហការថាមពលស្អាត រួមមានវារីអគ្គិសនី ថាមពលព្រះអាទិត្យ និង ថាមពលខ្យល់ ។
ចំពោះកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ពាណិជ្ជកម្ម និង វិនិយោគ ភាគីទាំងពីរបានឯកភាពគ្នា កសាងច្រវាក់ផ្គត់ផ្គង់ និង ឧស្សាហកម្មប្រកប ដោយសុវត្ថិភាព និង ស្ថិរភាព។ លើសពីនេះទៀត ភាគីទាំងពីរក៏បានយកចិត្តទុកដាក់លើការអភិវឌ្ឍតំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ពាណិជ្ជកម្មស្តង់ដារខ្ពស់ ក៏ដូចជាការលើកកម្ពស់ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ រួមមានប្រព័ន្ធដឹកជញ្ជូន បណ្តាញថាមពល ខ្សែកាបអុបទិក ឃ្លាំងស្តុកទំនិញ និង ភស្តុភារកម្ម ។
ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងសកល ដែលជាការចាប់អារម្មណ៍និងកង្វល់រួម ហើយខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ក្រោមក្របខ័ណ្ឌពហុភាគី និង ដើម្បីរួមគ្នារួមចំណែកដល់សន្តិភាព ស្ថិរភាព និង វិបុលភាពពិភពលោក ជាពិសេសការគាំទ្រ ដល់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល គំនិតផ្តួចផ្តើមសន្តិសុខសាកល និង គំនិតផ្តួចផ្តើមអរិយធម៌សកល ព្រមទាំងការកសាងសហគមន៍ ជោគវាសនារួមនៃសន្តិភាព និង វិបុលភាព ក្នុងបណ្តាប្រទេសអាស៊ាន-ចិន និង ក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង។
ចំពោះការផ្លាស់ប្តូរប្រជាជននិងប្រជាជន និង វប្បធម៌ ភាគីចិនបានសន្យាផ្តល់អាហារូបករណ៍ និង ពង្រឹកកិច្ចសហប្រតិបត្តិការដើម្បីបង្កើតការងារ និង លើកកម្ពស់សហគ្រិនភាព។ ភាគីទាំងពីរក៏បានយកឆ្នាំ២០២៥ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និង ប្រជាជន អភិវឌ្ឍវិថីទេសចរណ៍ លើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និង ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុវត្ថិភាពទេសចរណ៍ ។
ប្រទេសចិនជំរុញ យ៉ាង សកម្មនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាសាកលរបស់ចិន យកចិត្តទុកដាក់ ចំពោះតម្រូវការ អភិវឌ្ឍន៍នៃបណ្តាប្រទេសសកលខាងត្បូង ដោយផ្តោតលើការលើកកម្ពស់កិច្ច សហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា ការកាត់បន្ថយភាពក្រីក្រ សន្តិសុខស្បៀង ការអភិវឌ្ឍន៍បៃតង និងសេដ្ឋកិច្ចឌីជីថល ដែលសមស្របនឹង គោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។ កម្ពុជានិងចិន គួរតែពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ តភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា ជាមួយគំនិតផ្តួចផ្តើមរបស់ប្រទេសចិន និងបន្តពង្រីកកិច្ច សហប្រតិបត្តិការ ដើម្បីបញ្ចូលកម្លាំងចលករថ្មីទៅក្នុងការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ ៕
