ព័ត៌មានជាតិ

ពិធីផ្សព្វផ្សាយ របាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់ មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល -ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ និងអបអរសាទរ ខួបគម្រប់ ២៥ ឆ្នាំ នៃកិច្ចសន្ទនា រវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន

ភ្នំពេញ ៖ ថ្ងៃនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរៀបចំពិធីផ្សព្វផ្សាយ របាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការ កែទម្រង់ មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ ។

វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន G-PSF ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេល ២៥ឆ្នាំ ដោយបានចូលរួមលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈកិច្ចសន្ទនាដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងតម្លាភាពរវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួល G-PSF ។​

របាយការណ៍ វឌ្ឍនភាព នៃការអនុវត្តវិធានការ កែទម្រង់មុតស្រួច ជាកញ្ចប់ដែលបានដាក់ចេញ ក្នុងវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ ត្រូវបានអនុម័ត ក្នុងកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ របាយការណ៍នេះ បានរៀបរាប់លម្អិតស្តីពីវឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់លើវិស័យអាទិភាពមួយចំនួនរួមមាន ការសម្រួលពាណិជ្ជកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ការកែសម្រួលបទប្បញ្ញត្តិ ពន្ធដារ គយ និងកសិកម្ម ព្រមទាំងបានបង្ហាញពីទិដ្ឋភាពទូទៅ នៃការឆ្លើយតបរបស់ក្រសួង​ស្ថាប័ននានា ដល់ក្រុមការងារផ្នែកឯកជន និងលើកទិសដៅក្នុងការរៀបចំវេទិកាលើកទី២០ ដែលរំពឹងថានឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៦ខាងមុខ ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “ក្នុងពេលដែលយើងប្រារព្វពិធីអបអរសាទរ ខួបគម្រប់ ២៥ឆ្នាំ នៃការបង្កើតវេទិកា G-PSF នាពេលនេះ យន្តការនេះ បានដើរតួនាទីយ៉ាងសំខាន់ ជាងពេលណាៗទាំងអស់ ក្នុងកាលៈទេសៈ ដែលយើងកំពុង ជួបប្រទះនូវបញ្ហាប្រឈមថ្មីៗ ជាច្រើននៅក្នុងតំបន់ ជាពិសេសការបម្រែបម្រួល នៃការអនុវត្តវិធានពាណិជ្ជកម្មសកល ។ វេទិកា G-PSF នឹងនៅតែបន្តពង្រឹងសមត្ថភាពស្ថាប័ន និងបង្កបរិយាកាសធុរកិច្ច ជាវិជ្ជមានជូនដល់វិស័យឯកជន ដែលជាក្បាលម៉ាស៊ីន ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ។”

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា “យើងនឹងបន្តជួយជំរុញការអភិវឌ្ឍនិងបង្កើនគណនេយ្យភាពនៃវេទិកា G-PSF ដើម្បីធានាបាននូវប្រសិទ្ធភាពនិងប្រសិទ្ធផល និងពិគ្រោះយោបល់ជាមួយ ក្រុមការងារនៃវេទិកា G-PSF ។”
សភាពាណិជ្ជកម្មកម្ពុជា (CCC) បានដើរតួយ៉ាងសំខាន់ ក្នុងការផ្តល់កិច្ចសម្របសម្រួលជាមួយនឹងវិស័យឯកជន ដើម្បីប្រមូលធាតុចូលនិងលើកនូវបញ្ហារួមស្នើទៅក្រុមការងារតាមវិស័យរបស់រាជរដ្ឋាភិបាល និងចូលរួមពិនិត្យ ស្វែងរកដំណោះស្រាយដែលបង្កលក្ខណៈងាយស្រួលដល់ការពង្រឹងបរិយាកាសធុរកិច្ចរបស់ផ្នែកឯកជន ក៏ដូចជាការចូលរួមចំណែកលើកស្ទួយកំណើននិងសក្ដានុពលសេដ្ឋកិច្ច ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោក DEREK YIP ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ៖ “ប្រទេសអូស្ត្រាលី បានគាំទ្រកំណែទម្រង់ស្ថាប័ន និង ការបង្កើតគោលនយោបាយ ដោយផ្អែកលើភស្តុតាង ក្នុងន័យជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចនៅកម្ពុជា។ យើងបានធ្វើការជាមួយ CDC ដើម្បីកែលម្អប្រតិបត្តិការ យន្តការ​រាជរដ្ឋាភិបាល-ផ្នែកឯកជន រួមមានថ្នាលគ្រប់គ្រងទិន្នន័យឌីជីថល ការពង្រឹងសមត្ថភាព ក្រុមការងារតាមវិស័យរបស់ G-PSF ដើម្បីធានាថា យន្តការវេទិកានៃការសន្ទនាដ៏មានសារៈសំខាន់មួយនេះនៅតែមានប្រសិទ្ធភាព និងរឹងមាំ ។”

រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ការគាំទ្រលើយន្តការ G-PSF ចាប់តាំងពីឆ្នាំ២០០២ តាមរយៈគម្រោង របស់ធនាគារពិភពលោក និង បន្តគាំទ្រយន្តការនេះ រហូតមកដល់ពេលបច្ចុប្បន្ន តាមរយៈកម្មវិធីភាព ជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ (CAPRED) ដោយបានផ្តោតលើ យន្តការពង្រឹងស្ថាប័ន គុណភាព នៃការអនុវត្តវេទិកា G-PSF និងការលើកកម្ពស់សមត្ថភាព តួអង្គនិងដៃគូរបស់សា្ថប័ន ពាក់ព័ន្ធនូវកំណែទម្រង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ មានប្រសិទ្ធភាព និងទាន់ពេលវេលា។

ពិធីផ្សព្វផ្សាយរបាយការណ៍ វឌ្ឍនភាពខាងលើនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មកពីក្រុមការងារទាំង១៦ របស់រាជរដ្ឋាភិបាល និងផ្នែកឯកជន ព្រមទាំងមានការអញ្ជើញ ចូលរួមពីតំណាងអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងសភាពាណិជ្ជកម្មអន្តរជាតិ សមាគមធុរកិច្ច និងដៃគូអភិវឌ្ឍន៍នានា សរុបប្រមាណ ២១០នាក់ ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងស្ថានទូតអូស្ត្រាលី៖ Media.Cambodia@dfat.gov.au

To Top