ព័ត៌មានជាតិ

សេចក្តីថ្លែងការណ៍របស់លោក ម៉ម សូណង់ដូ ករណីការបញ្ចប់មុខតំណែងរបស់លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង

ភ្នំពេញ៖ ខ្ញុំ ម៉ម សូណង់ដូ ជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ តែងតាំងដោយព្រះរាជក្រឹត្យលេខ៖ នស/រកត/០៩១៨/៩៣២ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ឡាយព្រះហស្តដោយអង្គព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី យោងតាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការបញ្ចប់មុខ តំណែងរបស់លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង (ប្រធានប្រតិភូគណបក្សខ្មែរក្រោក) ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ចុះហត្ថលេខាក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាស្ថាប័នដែលមានដំណើរការក្នុងក្របខណ្ឌ នីតិប្រតិបត្តិ និងមានអាណត្តិដូចអាណត្តិរបស់រាជរដ្ឋាភិបាល ។ ក្នុងអំឡុងពេលម្ភៃខែនៃបេសកកម្មរបស់ខ្លួន ប្រតិភូគណបក្ស ជាសមាជិកឧត្តមក្រុមប្រឹក្សានីមួយៗ បានបំពេញតួនាទីរបស់រៀងៗ ខ្លួន យ៉ាងសស្រាក់សស្រាំ និងយកចិត្តទុកដាក់ ទោះបីជាមានការខ្វះខាតបទពិសោធន៍ខ្លះៗ យ៉ាងណាក៏ដោយ រហូតដល់ទទួលបាននូវ ការសរសើរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន ជាច្រើនលើកច្រើនសា ចំពោះលទ្ធផលការងារដែលទទួលបានកន្លងមក ។ យ៉ាងណាមិញ ព្រះរាជក្រឹត្យលេខ៖ នស/រកត/០៩១៨/៩៣២ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ គឺជាលក្ខន្តិកៈរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយស្ថាប័នថ្មីមួយនេះអនុវត្តកាតព្វកិច្ចរបស់ខ្លួន ស្របទៅតាមខ្លឹមសារ របស់ព្រះរាជក្រឹត្យ ខាងលើដោយខ្ជាប់ខ្ជួន ជាទីបំផុត ជាពិសេស មាត្រា១០ ដែលបានកំណត់ ភារកិច្ចចម្បងធំៗ ចំនួន៣ ហើយនៅទីនេះ ខ្ញុំសូមលើកយកតែ កថាខណ្ឌទី៣ មកជូនដូចតទៅ៖ «តាមដានដំណើរការអនុវត្តន៍ច្បាប់ និងគោលនយោ បាយរបស់រាជរដ្ឋាភិបាល ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ និងផ្តល់អនុសាសន៍ កែលម្អភាពអសកម្ម និងភាពមិនប្រក្រតី ដែលមានចែងក្នុងមាត្រា១៥ និងមាត្រា១៦ នៃព្រះរាជក្រឹត្យនេះ » ។

ដោយសរុបទៅ ភារកិច្ចរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដូចមានចែងនៅក្នុងមាត្រា៩ នៃព្រះរាជក្រឹត្យ គឺការ ផ្តល់ធាតុចូល ដោយផ្ទាល់ ជូនរាជរដ្ឋាភិបាលក្នុងន័យស្ថាបនា សំដៅលើកស្ទួយប្រសិទ្ធភាព ការងាររបស់ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការបម្រើប្រជាជន និងសង្គមជាតិ ។ នៅក្នុងន័យនេះ ខ្ញុំមិនឃើញមានបញ្ញត្តិណាផ្សេង ដើម្បីកំណត់សកម្មភាព របស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រៅពីខ្លឹមសាររបស់ព្រះរាជក្រឹត្យខាងលើនេះឡើយ ។

ខ្ញុំគិតឃើញថា នៅក្នុងករណីបញ្ចប់មុខតំណែង របស់លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង (ប្រធានប្រតិភូគណបក្សខ្មែរក្រោក) ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់ មហាជនខ្មែរជាទូទៅ បានដឹងឮតាមរយៈ ប្រព័ន្ធសោតទស្សន៍ ឬបណ្តាញសង្គមតែប៉ុណ្ណោះ ដោយមិនឃើញមានការស៊ូ មតិគ្នាជាផ្លូវការ រវាងភាគីពាក់ព័ន្ធទាំងអស់ឡើយ ។ ដូច្នេះហើយ គតិបណ្ឌិតតម្រូវឲ្យ មានការជួបប្រជុំពិគ្រោះ និងផ្លាស់ប្តូរយោបល់ ជាវិសាមញ្ញជាមួយ សម្តេចនាយករដ្ឋមន្រ្តី ដូចមានចែងក្នុងមាត្រា៧ នៃព្រះរាជក្រឹត្យ ដើម្បីបំភ្លឺករណីនោះ ដល់សាធារណជន ក៏ដូចជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទាំងអស់ផងដែរ ។

សេចក្តីថ្លែងការណ៍របស់ខ្ញុំ នៅគ្រានេះ ឋិតនៅជុំវិញការការពារ កិត្តិយសរបស់ស្ថាប័នមួយ ដែលបង្កើតឡើង មកដោយសារប្រាជ្ញាញាណ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅសហការគ្នារវាង ពហុមតិ ហើយជាពិសេស បង្ហាញឲ្យឃើញអំពីទិដ្ឋភាព និងបរិយាកាសនយោបាយ របស់កម្ពុជានៅក្នុងក្តីសុខសន្តិភាព ៕

To Top