ព័ត៌មានជាតិ

Breaking News : ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានធ្វើរបាយការណ៍ កត់សម្គាល់ថាថៃ ផ្លាស់ប្តូរជំហរ មិនទទួលយកកិច្ចសម្របសម្រួល​ របស់នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី

ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួង ការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា នៅមុនកិច្ចប្រជុំបន្ទាន់ របស់ក្រុមប្រឹក្សាសន្តិសុខ​ អង្គការសហប្រជាជាតិ (អ.ស.ប) តាមការស្នើសុំរបស់កម្ពុជា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានធ្វើរបាយការណ៍ ដោយកត់សម្គាល់ថា ការសម្របសម្រួល របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ស្នើឱ្យមានកិច្ចឈប់បាញ់ កម្ពុជាបានទទួល ចំណែកភាគីថៃ បានផ្លាស់ប្តូរជំហរមិនទទួលយក ។

ការលើកឡើងរបស់ លោក ជុំ សុន្ទរី ធ្វើឡើងក្នុងសន្នីសីទស្តីពី «បច្ចុប្បន្នភាព នៃការឈ្លានពាន របស់កងទ័ពថៃ មកលើទឹកដីកម្ពុជា» នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ។

ក្នុងនោះលោក ជុំ សុន្ទរី បានគូសបញ្ជាក់ នៅមុនកិច្ចប្រជុំរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ បានចេញនូវរបាយការណ៍មួយ របស់ក្រុមប្រឹក្សា ចែកជូនទៅដល់សមាជិក ក្រុមប្រឹក្សាសហប្រជាជាតិ ហើយនៅក្នុងរបាយការណ៍​ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានរំលេចនូវចំណុចមួយចំនួន ។

ចំណុចសំខាន់ពីរ ដែលត្រូវបានអ្នកនាំពាក្យធ្វើការកត់សម្គាល់ ក្នុងនោះ ទី១ ក្នុងរបាយការណ៍បានរំលេចអំពីជំហរខុសគ្នា រវាងកម្ពុជាជាមួយនឹងថៃ ដែលបានគូសបញ្ជាក់ថា កម្ពុជា បានផ្ញើលិខិត មកកាន់ប្រធានក្រុមប្រឹក្សា​ សន្តិសុខអង្គការ សហប្រជាជាតិមុន ហើយក្នុងលិខិតនោះ បានស្នើសុំឱ្យមានការ កោះប្រជុំជាបន្ទាន់ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បន្ទាប់មកទើបទទួលបានលិខិតពីភាគីថៃ ប៉ុន្តែក្នុងលិខិតនោះភាគីថៃពុំបានស្នើសុំ ឱ្យមានការកោះប្រជុំបន្ទាន់ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នេះជាចំណុចសំខាន់ទី១ នៅក្នុងរបាយការណ៍ ។

អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានគូសបញ្ជាក់ថា ចំណុចសំខាន់ទី២ នៅក្នុងរបាយការណ៍ របាយការណ៍បានលើកឡើង អំពីការសម្របសម្រួល របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានគូសបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមប្រធានប្តូរវេនរបស់អាស៊ាន បានលើកសំណើ ឱ្យមានកិច្ចឈប់បាញ់គ្នា រវាងភាគីទាំងពីរ ហើយកម្ពុជា បានទទួលយកសំណើនោះ ចំណែកភាគីថៃ របាយការណ៍បានគូសបញ្ជាក់ថា ដំបូងគឺថៃ ក៏បានទទួលយកសំណើ ឱ្យមានកិច្ចឈប់បាញ់គ្នា របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែរ ប៉ុន្តែបន្ទាប់មក ថៃបានផ្លាស់ប្តូរជំហរ មិនទទួលយកវិញ ។

លោក ជុំ សុន្ទរី បានឱ្យដឹងថា តំណាងអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ ទីក្រុងញ៉ូយ៉ក ត្រូវបានអញ្ជើញឱ្យថ្លែងបទអន្តរាគមន៍មុន ។ នៅក្នុងបទអន្តរគមន៍ តំណាងអចិន្ត្រៃយ៍របស់កម្ពុជា បានជម្រាបជូនក្រុមប្រឹក្សាសន្តិសុខ​ អង្គការសហប្រជាជាតិ ពីការវាយលុកដោយទ្រង់ទ្រាយធំ របស់កងកម្លាំងប្រដាប់អាវុធមកលើកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ទៅលើទីតាំងមួយចំនួនរបស់កម្ពុជា នៅតាមបណ្តោយព្រំដែន ដែលក្នុងនោះរួមមាន ប្រាសាទតាមាន់ធំ តាក្របី និងប្រាសាទព្រះវិហារ ហើយបានគូសបញ្ជាក់ថា ក្នុងការវាយលុកដោយទ្រង់ទ្រាយធំនេះ ថៃបានប្រើរហូតទៅដល់យន្តហោះប្រយុទ្ធ F-16 រថ្តក្រោះ គ្រាប់បែកចង្កោម និងសភាវុធធន់ធ្ងន់ផ្សេងៗជាច្រើនទៀត ។

លោកអ្នកនាំពាក្យ បានបន្ថែមថា នៅក្នុងរបាយការណ៍ តំណាងអចិន្ត្រៃយ៍របស់កម្ពុជា ក៏បានគូសបញ្ជាក់អំពីការខូចខាត ដែលកើតមានចំពោះប្រជាជនស៊ីវិលកម្ពុជា ហើយនិងទីតាំងវប្បធម៌របស់កម្ពុជាមួយចំនួន ដោយសារការវាយលុក របស់កងកម្លាំងប្រដាប់អាវុធថៃ ។ នៅក្នុងបទអន្តរាគមន៍​ តំណាងអចិន្ត្រៃយ៍របស់កម្ពុជា ក៏បានជម្រាបជូន​ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អំពីការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកឡើង នូវករណីពាក់ព័ន្ធនឹងប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ។ នៅក្នុងបទអន្តរាគមន៍ តំណាងអចិន្ត្រៃយ៍របស់កម្ពុជា ក៏បានគូសបញ្ជាក់អំពីការអំពាវនាវ របស់កម្ពុជា ឱ្យមានកិច្ចឈប់បាញ់គ្នាជាបន្ទាន់ និងគ្មានលក្ខ័ណ្ឌ ហើយនិងឱ្យមានដំណោះស្រាយ ដោយសន្តិវិធី៕

To Top