ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ថៃ ចោទខ្មែរប្រើអាវុធ PHL-03 ជាលេសដើម្បីខ្លួនប្រើប្រាស់សភាវុធ​ កាន់តែសាហាវព្រៃផ្សៃ និងអមនុស្សធម៌ជាងមុន លើកម្ពុជា

ភ្នំពេញ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការគូសបញ្ជាក់ថា ការចោទប្រកាន់ពីសំណាក់ភាគីថៃ មកលើកម្ពុជា ដែលថាប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ PHL-03 គឺជាលេស ដើម្បីឱ្យខ្លួន អាចប្រើប្រាស់សភាវុធកាន់តែព្រៃផ្សៃជាងមុន និងកាន់តែអមនុស្សជាងមុន មកលើកម្ពុជា ។

ការថ្លែងរបស់លោកស្រីអ្នកនាំពាក្យក្រសួងការពារជាតិខាងលើនេះ ធ្វើឡើង ក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពាន របស់កងទ័ពថៃមកលើទឹកដីកម្ពុជា» នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៧ព្រឹកនេះ ។ 

ក្នុងនោះក្រសួងការពារជាតិ ធ្វើការប្រកាសថ្កោទោស និងច្រានចោលយ៉ាងដាច់អហង្ការ សារជាថ្មីម្តងទៀត ចំពោះការចោទប្រកាន់ខុសពីការពិត និងមានចេតនាទុច្ចរិតពីសំណាក់ភាគីថៃ ដែលបានចោទប្រកាន់កម្ពុជា បានប្រើប្រាស់កាំជ្រួចរយៈចម្ងាយឆ្ងាយ PHL-03 បាញ់ចូលទឹកដីថៃ ។

ដោយលោកស្រី ម៉ាលី សុជាតា អះអាងថា ការចោទប្រកាន់នេះ គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងឆ្លុះបញ្ចាំងអំពីលេសរបស់ភាគីថៃ ដើម្បីខ្លួនអាចប្រើប្រាស់អាវុធកាន់តែសាហាវព្រៃផ្សែជាងមុន និងអមនុស្សធម៌ជាងមុន កាន់តែខ្លាំងឡើង ក្នុងការវាយប្រហារ រំលោភបំពានលើដែនអធិបតេយ្យភាពកម្ពុជា ប៉ុន្តែលាបពណ៌មូលបង្កាច់មកលើកម្ពុជា៕

To Top