ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ជូនបងប្អូនជនរួមជាតិ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះទង្វើនាំឱ្យប៉ះពាល់សន្តិសុខជាតិ ក្នុងស្ថានភាពកងកម្លាំងរបស់ជាតិ កំពុងវាយប្រយុទ្ធទប់ស្កាត់អំពើឈ្លានពានដ៏ព្រៃផ្សៃបង្កឡើងដោយប្រទេសថៃ តាមខ្សែបន្ទាត់ព្រំដែន។
តាមរយៈបណ្ដាញសង្គមផ្លូវការ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឱ្យដឹងថាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋមួយចំនួនតូចហើយ បានចាញ់ឧបាយកលអូសទាញដ៏ស្មោគគ្រោគរបស់ថៃឱ្យធ្វើជាជនបង្កប់ ដោយបំពាក់ប្រព័ន្ធតាមដានទីតាំង (GPS ) លួចថតរូប និងផ្ដល់ព័ត៌មានអំពីសកម្មភាពកងទ័ព ជាពិសេសទីតាំងឈរជើងក្នុងសមរភូមិ ហើយទីបំផុតត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងរកឃើញភស្តុតាងជាក់ស្ដែង។
លោកឧបនាយករដ្ឋមន្ដ្រី បញ្ជាក់ជូនថា ទង្វើដូចបានរៀបរាប់ខាងលើនេះ ឬទោះតាមវិធីសាស្រ្តណាក៏ដោយ ឱ្យតែប៉ះពាល់ដល់សន្តិសុខជាតិ ប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងសុវត្ថិភាពប្រជាជន មិនថាក្នុងកាលៈទេសៈនេះ ឬទោះក្នុងស្ថានភាពណាក៏ដោយ ព្រះរាជាណាចក្រកម្ពុជារបស់យើង មានច្បាប់ព្រហ្មទណ្ឌ បានចែងអំពីទោសបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុត ពិសេសប្រឈមនឹងការដកសញ្ជាតិ ដោយគ្មានការលើកលែង។
ក្រមព្រហ្មទណ្ឌ បានចែកច្បាស់ណាស់អំពីទោសនៃអំពើក្បត់ជាតិ ជាអាទិ៍ ១. ការត្រូវរ៉ូវគ្នាជាមួយបរទេស បង្កើតឱ្យមានការប្រទូសរ៉ាយ ឬនាំឱ្យមានអំពើឈ្លានពានកម្ពុជា ត្រូវផ្ដន្ទាទោស ពី១៥ឆ្នាំទៅ៣០ឆ្នាំ។ ២. អំពើប្រគល់ ឬធ្វើឱ្យងាយស្រួលធ្លាក់ព័ត៌មានដល់ដៃបរទេស ត្រូវផ្ដន្ទាទោស ពី៧ឆ្នាំទៅ១៥ឆ្នាំ។ ៣. ការទទួល ឬប្រមូលផ្ដុំព័ត៌មានផ្សេងៗផ្ដល់ឱ្យបរទេស ត្រូវផ្ដន្ទាទោស ពី៥ឆ្នាំទៅ១០ឆ្នាំ។ និង៤. ការប្រព្រឹត្តិអំពើហិង្សានាំឱ្យគ្រោះថ្នាក់ដល់ស្ថាប័នរដ្ឋ ឬនាំឱ្យប៉ះពាល់ដល់បូរណភាពដែនដីកម្ពុជា ត្រូវផ្ដន្ទាទោស ពី១៥ឆ្នាំទៅ៣០ឆ្នាំ។
លោកឧបនាយករដ្ឋមន្ដ្រី សូមរំលឹកជាថ្មីទៀតថា ក្នុងករណីបងប្អូនត្រូវបានភាគីថៃ អូសទាញឱ្យធ្វើជាជនបង្កប់ក្បត់ជាតិ សូមបងប្អូនមានស្មារតីភ្ញាក់ខ្លួនថា ឈាមខ្មែររាប់រយជំនាន់ កំពុងរត់ពេញរាងកាយរបស់បងប្អូន! ភូមិស្រុកទឹកដីកំណើតយើងបានឆ្លងកាត់សង្គ្រាមសោកនាដកម្មរាប់រយឆ្នាំមកហើយ! មាតុប្រទេសដ៏កំសត់របស់យើង ធ្លាប់ក្លាយជាសមរភូមិប្រយុទ្ធរបស់សត្រូវឈ្លានពានជាច្រើនជំនាន់មកហើយ។
មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀត ដែលនាំឱ្យជាតិយើងជួបស្ថានភាពដូចបានរៀបរាប់មកនេះ គឺក៏ព្រោះតែជនបង្កប់ក្បត់ជាតិនេះដែរ។ ទម្រាំយើងអាចការពារបានបូរណភាពទឹកដីអធិបតេយ្យភាពជាតិដូចបច្ចុប្បន្ន ថ្នាក់ដឹកនាំ និងកងកម្លាំងរបស់ជាតិ ជាពិសេសកម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលជាតិ បានធ្វើពលិកម្ម បូជាសាច់ស្រស់ឈាមស្រស់ ឆ្អឹងគរស្ទើរក្លាយជាភ្នំ ទឹកភ្នែកក្រុមគ្រួសារសាច់ញាតិ យំសោកសឹងក្លាយជាសាគរ៕
