៧ខែ ក្រសួងបរិស្ថាន ទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលតំបន់ទឹកសាធារណៈ បាន ១០លានម៉ែត្រគូប

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានរកឃើញយ៉ាងហោចណាស់សំណល់រាវ ចំនួនជាង១០ លានម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យមានការបញ្ចេញពីរោងចក្រ សហគ្រាស និងក្រុមហ៊ុនានា ធ្វើការបំពុលតំបន់ទឹកសាធារណៈ។

ការទប់ស្កាត់ការបំពុលនេះ ធ្វើឡើងស្របវិធានការច្បាប់ និងការចូលរួមពីម្ចាស់រោងចក្រ សហគ្រាសនិងក្រុមហ៊ុននានា ដែលបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ គិតរយៈពេល៧ខែ ក្នុង ឆ្នាំ២០២៥។

សូមបញ្ចាក់ថា គិតត្រឹមដើមខែសីហា ឆ្នាំ២០២៥ រោងចក្រ-សហគ្រាស និងក្រុមហ៊ុន ចំនួន៩១ ទីតាំង ជាបន្តបន្ទាប់ បាននិងកំពុងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ នៅក្នុងទីតាំងរបស់ខ្លួន ស្របតាមច្បាប់ជាធរមានរបស់កម្ពុជា។
ក្រសួងបរិស្ថាន ថ្លែងអំណរគុណ ដល់បណ្តាក្រុមហ៊ុន និងរោចក្រទាំងអស់ ដែលបានចូលរួមសហការ ធ្វើការបំពាក់ឧបករណ៍ ស្វ័យត្រួតពិនិត្យ ក៏ដូចជាគោរពតាម បទដ្ឋានបច្ចេកទេសបរិស្ថាន ឱ្យបានល្អប្រសើរ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្ត ជាធរមានរបស់កម្ពុជា។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការសម្រេចចិត្តចូលរួម អនុវត្តច្បាប់ របស់ក្រុមហ៊ុន និងរោងចក្រ ដែលមានសក្តានុពលប្រភពបំពុលនានា នៅកម្ពុជា និងបានបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ បញ្ចេញសំណល់រាវ គឺពិតបានឆ្លើយតបទៅនឹងយុទ្ធនាការ ដើម្បីកម្ពុជាមានភាពស្អាត នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន៕
