ព័ត៌មានជាតិ

ទំនិញខូចគុណភាព ដែលឈ្មួញនាំចូលតាមច្រកកំពង់ស្រឡៅ ៤មុខសរុបទម្ងន់ ៥តោន ១៤០គីឡូក្រាមត្រូវបានដុតបំផ្លាញចោល

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥  លោក​ ឃិត​ សុធារ៉ា​ អភិបាល​ស្រុកឆែប​ និងជាប្រធានគណ:បញ្ជាការ​ឯកភាព​រដ្ឋបាលស្រុកឆែប​ សហការជាមួយ​ ក្រុមការងារចម្រុះ រួមមាន មន្រី្ដគយនិងរដ្ឋាករខេត្តកំពង់ធំ-ព្រះវិហារ  មានលោក ជាប  សៅ ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ធំ លោក លឹម សាលួត មន្រ្ដីការិយាល័យផលិតផលនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងមន្រ្ដីរដ្ឋបាលស្រុកឆែប និងកំលាំងអធិការដ្ឋាននគរបាលស្រុក​ ដឹកនាំសម្របសម្រួល ដោយលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ត្រួតពិនិត្យ​រថយន្តចំនួន ៤គ្រឿង ដោយក្នុងនោះមានទំនិញខូចគុណភាពមិនអាចប្រើប្រាស់បាន (ធំក្លិនស្អុយ) ដែលនាំចេញពីប្រឡាវ ចូលតាមច្រកកំពង់ស្រឡៅ មានដូចខាងក្រោម៖

១-កោះមាន់ ចំនួន ២០៥ កេស ស្មើនឹង ២៤៦០ គីឡូក្រាម
២-ស្លាបមាន់ ចំនួន ៤៥ កេស ស្មើនឹង ៥៤០ គីឡូក្រាម
៣-ត្រីកន្ធរ ចំនួន ១០០ ការុង ស្មើនឹង ២០០០ គីឡូក្រាម
៤-នំម្សៅបំពង ចំនួន ១៤០គីឡូក្រម

សាច់និងទំនិញ ត្រូវរឹបអូសដុតកម្ទេច ៤មុខខាងលេី សរុបទម្ងន់៥តោន១៤០ (ប្រាំតោនមួយរយសែសិប) គីឡូក្រាម។ សូមបញ្ជាក់ថា រថយន្តល្មើសទាំង ៤គ្រឿងនេះត្រូវផាកពិន័យតាមច្បាប់ របស់គយ៕

ដោយ៖ សួនពិសិត

To Top