ត្រឹម ២៤ម៉ោង មនុស្សជិត ២០០នាក់បានស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំង នៅទូទាំងប្រទេសប៉ាគីស្ថាន

អ៊ីស្លាម៉ាបាដ៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) បានឲ្យដឹងថា មនុស្សយ៉ាងតិច ១៩៤ នាក់បានស្លាប់ និង ២៨ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងឧបទ្ទវហេតុទាក់ទងនឹងភ្លៀងនៅទូទាំងប្រទេសប៉ាគីស្ថាន ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
ខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យគឺជាតំបន់រងគ្រោះខ្លាំងជាងគេ ដោយរាយការណ៍ថាមានអ្នកស្លាប់ចំនួន ១៨០ នាក់បានស្លាប់ បន្ទាប់មកគឺតំបន់កាស្មៀ ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ដែលមានអ្នកស្លាប់ចំនួន ៩ នាក់ និងតំបន់ Gilgit-Baltistan ភាគខាងជើងមាន ៥ នាក់ បានស្លាប់ ។
មន្ត្រីបានឲ្យដឹងថា អ្នកស្លាប់និងរបួស គឺបណ្តាលមកពីទឹកជំនន់ភ្លាមៗ ការបាក់ដី និងការដួលរលំផ្ទះដែលបង្កឡើងដោយភ្លៀងមូសុងខ្លាំងនៅតំបន់ភាគខាងជើង និងភាគពាយ័ព្យ។
លោក Faizullah Faraq អ្នកនាំពាក្យរដ្ឋាភិបាល GB បានឲ្យដឹងថា ទឹកជំនន់ភ្លាមៗក៏បានបំផ្លាញផ្លូវថ្នល់ ស្ពាន ផ្ទះ សាលារៀន ធុងទឹក និងដីកសិកម្មផងដែរ។
មន្ត្រីរូបនេះបានបន្ដថា មនុស្សមួយចំនួនកំពុងបាត់ខ្លួន ហើយក្រុមជួយសង្គ្រោះកំពុងធ្វើប្រតិបត្តិការស្វែងរក ទោះបីជាមានស្ថានភាពលំបាកក៏ដោយ ដោយបន្ថែមថា វិធានការសង្គ្រោះបន្ទាន់មាននៅតាមតំបន់ជាច្រើន ដោយអាជ្ញាធរនៅតែមានការប្រុងប្រយ័ត្នខ្ពស់៕
ប្រែសម្រួល ឈូក បូរ៉ា
