ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នាំយកទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន២ វត្តនៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន២វត្ត គឺវត្តស្បូវរីក និងវត្តកណ្តាល ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។


ឆ្លៀតក្នុងឱកាសនោះ លោក ប្រាក់ សុខុន ក៏បានចុះពិនិត្យមើលព្រះវិហារ នៃវត្តស្បូវរីក ដែលកសាងឡើង ក្នុងកំឡុងឆ្នាំ១៩៤៧ បច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោម ដែលមានបណ្តោយ៣០ម៉ែត្រ និងទទឹង១២ម៉ែត្រ ភាគច្រើនកសាងអំពីឈើ មានសសរ៧៤ដើម មានដើមកកោះ និងផ្ចឹក។ កាលទើបលើកហើយថ្មីៗ ព្រះវិហារនេះ ប្រក់ស្លឹកត្នោត លុះបានប្រហែលមួយឆ្នាំទើបប្រក់ក្បឿងស្រកានាគ៕






