យោធាអ៊ុយក្រែនបំបែកកំណត់ត្រា ជាមួយកាំភ្លើង sniper បាញ់សម្លាប់ទាហានរុស្ស៊ី ២នាក់ ក្នុងចម្ងាយ ១៣.០០០ហ្វីត

បរទេស៖ សារព័ត៌មាន Fox News របស់អាមេរិក បានផ្សាយថា អង្គភាពអ្នកលបបាញ់អ៊ុយក្រែនមួយក្រុមកាលពីថ្ងៃព្រហស្បតិ៍ តាមសេចក្តីរាយការណ៍បានបំបែកឯតទគ្គកម្មពិភពលោកសម្រាប់ការសម្លាប់ដោយកាំភ្លើង snipe ក្នុងចម្ងាយឆ្ងាយបំផុតដែលត្រូវបានបញ្ជាក់ដោយបានកម្ចាត់កងទ័ពរុស្ស៊ីពីចម្ងាយជាង ១៣.០០០ ហ្វីត ស្មើនឹង ៤.០០០ ម៉ែត្រ ។
Fox News បានចេញផ្សាយដោយផ្អែកតាមសារព័ត៌មាន Kyiv Post ដែលបានរាយការណ៍ថា ការបាញ់ប្រហារនេះ បាញ់ដោយកាំភ្លើងដែលផលិតដោយអ៊ុយក្រែន និងជំនួយដោយបញ្ញាសិប្បនិម្មិត និងការណែនាំពីយន្តហោះគ្មានមនុស្សបើក បានធ្វើឱ្យទាហានរុស្ស៊ីពីរនាក់បានស្លាប់នៅក្នុងតំបន់ Pokrovsk ប្រទេសអ៊ុយក្រែន។
យោងតាមសារព័ត៌មាន Kyiv Post គឺអ្នកកាសែតយោធា Yuri Butusov បាននិយាយថា “ការបាញ់ប្រហារបំបែកកំណត់ត្រាត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៥ ដោយប្រើបញ្ញាសិប្បនិមិត្ត ក្រោមការណែនាំរបស់យន្តហោះគ្មានមនុស្សបើក ជាមួយនឹងកាំភ្លើង snipe alligator 14.5 មីលីម៉ែត្រ” ។
សារព័ត៌មាន Kyiv Post បានរាយការណ៍ថា ការបាញ់ប្រហារនេះបានកើតឡើងចំពេលមានការកើនឡើងនៃការវាយប្រហាររបស់រុស្ស៊ីនៅក្នុងតំបន់ជុំវិញទីក្រុង Pokrovsk ដែលធ្លាប់ជាទីក្រុងដែលមានអ្នកស្រុកច្រើនជាង ៦០.០០០នាក់ ៕
ប្រែសម្រួលៈ ណៃ តុលា
