លោក ឆាយ ឫទ្ធិសែន អញ្ជើញពិនិត្យស្ថានភាពផ្លូវចំនួន២ ខ្សែនៅស្រុកពេជ្រាដាខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោកជាថ្នាក់ដឹកនាំក្រសួង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានអញ្ជើញទៅ ពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដូចខាងក្រោម ៖

ខ្សែទី១ ជាប្រភេទផ្លូបក្រាលក្រួសក្រហម មានប្រវែង ១៦,៦គីឡូម៉ែត្រ តភ្ជាប់ពីភូមិពូទិត ឃុំប៊ូស្រា ឆ្ពោះទៅកាន់តំបន់ទេសចរណ៍សហគមន៍ការពារធម្មជាតិ ភ្នំណាមលៀរ ស្ថិតក្នុងភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា។

ខ្សែទី២ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ១ ៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា តភ្ជាប់ពីផ្លូវពេជ្រាដា ទៅកាន់រមនីយដ្ឋានទឹកជ្រោះប៊ូស្រា អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ។

គួរបញ្ជាក់ជូនផងដែរថា ខ្សែផ្លូវទាំង ២ខ្សែនេះ ជាផ្លូវយុទ្ធសាស្ត្រដែលជួយបង្កើនសក្ដានុពលបម្រើដល់វិស័យទេសចរណ៍ ដែលតភ្ជាប់ពីក្រុងសែនមនោរម្យ ទៅកាន់រមនីយដ្ឋានណាមលៀរ និងតំបន់រមនីយដ្ឋានឧទ្យាធម្មជាតិប៊ូស្រា ដែលជាកត្តាជម្រុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋរស់នៅតំបន់នោះ កាន់តែល្អប្រសើរឡើងតាមរយៈកំណើនទេសចរណ៍ដែលមកកម្សាន្តនៅរមនីយដ្ឋានទាំងពីរនោះផងដែរ៕











