តាមរយៈគ្រួសារដេីមអម្ពិល! មេធាវី វ័រ វុទ្ធី ឧបត្ថម្ភគោ ៣ក្បាលជូនកងកម្លាំងជួរមុខទិសទី១ ខេត្តព្រះវិហារ

ព្រះវិហារ ៖គោចំនួន៣ក្បាល និងសម្ភារៈមួយចំនួនទៀត ដែលជាជំនួយរបស់លោកមេធាវី វ័រ វុទ្ធី និងសហការី ព្រមទាំងសប្បុរសជនត្រូវបានយកមកផ្ដល់ជូនដល់កងទ័ពជួរមុខដែលកំពុងតែឈរជើងការពារបូរណភាពទឹកដីនៅទិសទី១ខេត្តព្រះវិហារ តាមរយៈគ្រួសារដើមអម្ពិល។


នៅក្នុងឱកាសនោះ លោក វ័រ វុទ្ធី បានឱ្យថា អ្នកនៅសមរភូមិក្រោយតែងតែរំលឹកនឹកដល់គុណរបស់កងទ័ពដែលប្រចាំការនៅសមរភូមិមុខជានិច្ច ដែលបានយកកម្លាំងកាយចិត្តធ្វើពលិកម្មគ្រប់ជំហានដើម្បីបូរណភាពទឹកដីកម្ពុជាដែលត្រូវទទួលរងនូវការឈ្លានពានពីសំណាក់បរទេស។ហើយម្យ៉ាងវិញទៀតអ្នកនៅសមរភូមិក្រោយក៏មិនអាចបំភ្លេចបានឡើយចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជានាពេលនេះ។បើទោះបីជាអំណោយមានតិចតួចៗយ៉ាងណាក៏ដោយក៏ប៉ុន្តែពួកគាត់នៅសមរភូមិក្រោយនឹងខំរិះរកមធ្យោបាយដើម្បីផ្ដល់ជូនដល់បងៗកងទ័ពជួរមុខជាបន្តបន្ទាប់នាពេលក្រោយទៀត។

លោកឧត្តមសេនីយ៍ត្រី ប៉ែន សាវឿត មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ ៧ប្រចាំទិសភ្នំខ្មោចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក វ័រ វុទ្ធី មេធាវីនៅខេត្តបាត់ដំបងរួមជាមួយសហការី និងសប្បុរសជនដែលបានផ្ដល់ជាអំណោយគោចំនួន៣ ក្បាលនិងសម្ភារៈមួយចំនួនទៀតមកដល់យុទ្ធជនជួរមុខដែលកំពុងតែឈរជើងចាំការពារបូរណភាពទឹកដីទិសភ្នំខ្មោចខេត្តព្រះវិហារ៕
ដោយ៖ សួន ពិសិត


