បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បាននិយាយនៅថ្ងៃទី ៣០ ខែមេសាថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម របស់គាត់ជាមួយប្រទេសចិន ឥឡូវនេះគឺមានសារៈសំខាន់បន្ទាប់បន្សំ ចំពោះការឆ្លងរាតត្បាតវីរុស ខណៈដែលគាត់បានគំរាម ដល់រដ្ឋាភិបាលទីក្រុងប៉េកាំង នូវការតម្លើងពន្ធថ្មី ចំពេលមានការចោទប្រកាន់ ជុំវិញការដោះស្រាយរបស់ប្រទេស លើការរីករាលដាលនៃជំងឺកូវីដ១៩។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានដកស្រង់សន្និសិតសង្ខេប ប្រចាំថ្ងៃមុនពេលដែលអ្នកយកព័ត៌មាន បាននិយាយថា ក្រសួងការបរទេសចិន បានធ្វើការព្រមានចំពោះការគំរាមកំហែង នៃការប្រើប្រាស់ពន្ធគយ ជាអាវុធប្រឆាំងនឹងប្រទេសចិន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ កាលពីសប្តាហ៍មុន បានស្នើឱ្យមានវិធានការសងសឹកថ្មី ជុំវិញការចោទប្រកាន់ប្រទេសចិនថា បានដោះស្រាយមិនបានត្រឹមត្រូវ ចំពោះវិបត្តិវីរុសកូវីដ១៩។
ដោយគូសបញ្ជាក់ថា ពន្ធគយជាទូទៅ បានធ្វើឱ្យប៉ះពាល់ដល់គ្រប់ភាគីដែលពាក់ព័ន្ធ, អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួឈុនយីង បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់ ល្បែងស្តីបន្ទោសរបស់ខ្លួន ដែលត្រូវបានប្រើជាផែនការ សម្រាប់ការផ្លាស់ប្តូរ ទំនួលខុសត្រូវលើជំងឺកូវីដ ១៩ ។
អ្នកនាំពាក្យរូបនេះបាន សង្កត់ធ្ងន់ជាថ្មីម្តងទៀតថា ប្រទេសចិនច្រានចោលរាល់ការចោទប្រកាន់ ដែលគ្មានមូលដ្ឋានថា ខ្លួនជាអ្នកទទួលខុសត្រូវ ក្នុងការរាលដាលមេរោគដោយចេតនា។
លោក ដូណាល់ត្រាំ បានបង្កើនវោហារសាស្ត្រ ប្រឆាំងនឹងរដ្ឋាភិបាល ទីក្រុងប៉េកាំងនាពេលថ្មីៗនេះ ដោយអះអាងថា លោកបានឃើញភស្តុតាងដែលបង្ហាញថា វីរុសនេះ មានប្រភពដើមនៅក្នុងមន្ទីរពិសោធន៍ចិន ព្រោះថា ជំងឺរាតត្បាត បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ច។
នៅពេលត្រូវបានគេសួរអំពីវិធានការ សងសឹកដែលអាចកើតមាន ប្រឆាំងនឹងទីក្រុងប៉េកាំងចំពោះបញ្ហា ខ្វះចន្លោះនៃភាពស្មោះត្រង់របស់ខ្លួន ទាក់ទងនឹងជំងឺរាតត្បាត ប្រធានាធិបតីអាមេរិករូបនេះ បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី៣០ ខែមេសាថា លោកអាចអនុវត្តពន្ធគយ (តម្លើងពន្ធ) ប្រឆាំងនឹងប្រទេសចិន។
លោក ដូណាល់ ត្រាំ បន្តថា “ខ្ញុំអាចធ្វើវាឱ្យខុសគ្នា, ខ្ញុំអាចធ្វើបានដូចគ្នាបាន ប៉ុន្តែសូម្បីតែប្រាក់បន្ថែមទៀត ដោយគ្រាន់តែដាក់ពន្ធគយ” ។
លោកប្រធានាធិបតីអាមេរិករូបនេះ បានចោទសួរពីមូលហេតុដែលប្រទេសចិន បានអនុញ្ញាតឱ្យប្រជាជនចាកចេញពីប្រទេស និងធ្វើដំណើរជាសកល នៅពេលពួកគេបានដឹងអំពីការ ផ្ទុះជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរនេះ ៕
ប្រែសម្រួលៈ ណៃ តុលា