ភ្នំពេញ ៖ លោក ឈា ឡាហ៊ី ប្រធាននាយកដ្ឋាន សហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍បានឲ្យដឹងថា រាជរដ្ឋាភិបាល បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ចេញនូវគោលនយោបាយ ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម (SME) ក្រោយពេលបញ្ហាកូវីដ១៩ចប់ទៅ ។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានបញ្ចេញថវិកាចំនួន១០០លានដុល្លារ ដើម្បីដាក់ឲ្យសហគ្រាសធុនតូចនិងមធ្យមខ្ចី ក្នុងអត្រាការប្រាក់ទាប ដើម្បីយកទៅប្រើប្រាស់ ក្នុងការប្រកបអាជីវកម្មនានា ទៅតាមតម្រូវការ ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី “គម្រោងហិរញ្ញប្បទាន ទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យម និងបញ្ហាប្រឈមរបស់ធនាគារ សហគ្រាសធុនតូច និងមធ្យម” នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០លោកឈា ឡាហ៊ី បានថ្លែងថា “ខ្ញុំគិតថា មិនយូរទេតាមដែលខ្ញុំដឹង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោក កំពុងតែពិចារណា ហើយនឹងដាក់ចេញនូវគោលនយោបាយ គាំទ្រមួយចំនួនទៀត ទៅដល់សហគ្រិន ប៉ុន្តែ រង់ចាំចេញជាផ្លូវការសិនចាំយើងនិយាយបាន គ្រាន់ថាជាដំណាក់កាលៗ គឺយើងបានដាក់ចេញមកហើយ ហើយក្នុងកាលៈទេសៈនេះ ។
ក្រសួងធ្វើការ ជាមួយវិស័យឯកជន ធ្វើការជាមួយដៃគូអភិវឌ្ឍ ដើម្បីចងក្រងចេញជា រីខមមិនសេសិន ដើម្បីត្រៀមហើយស្រេចពេលកូវីដនេះ ចប់ទៅថាតើយើងនឹងជួយវិស័យ SMEយើងដោយរបៀបណា”។
លោកបញ្ជាក់ថា មិនទាន់បានកំណត់ទិន្នន័យ បាននៅឡើយ ថាតើមានសហគ្រាសចំនួនប៉ុន្មានដែលរងផលប៉ះពាល់ ក្នុងអំឡុងពេលដែលកម្ពុជា មានការរីករាលដាលពីជំងឺកូវីដ១៩នៅឡើយទេ ។
លោកបន្ថែមថា ក្រសួងបាននិងកំពុងបង្កើតក្រុមការងារ ដើម្បីធ្វើការចុះពិនិត្យនិងតាមដាន រកមើលសហគ្រាសណា ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដើម្បីកំណត់មុខសញ្ញា ត្រូវតែជួយជាបន្ទាន់ផងដែរ។
លើសពីនេះទៀតលោកបញ្ជាក់ថា កាលពីដើមខែមិនា ឆ្នាំ២០២០នេះ ទោះបីជាជំងីកូវីដ១៩ បានរាតត្បាតខ្លាំងយ៉ាងណាក៏ដោយ តែអាជីវកម្មលក់ដូរមួយចំនួនផ្នែកចំណីអាហារ មានការលក់ដាច់ខ្លាំង។
លោកបន្ថែមថា “តែអ្វីដែលជាការសង្កេតក្រុមការងារ របស់យើងវិញ យើងសង្កេតឃើញថា កាលដែលសម័យកូវីដនៅខែ៣ផ្ទុះខ្លាំង អាជីវកម្មមួយចំនួនមានការលក់កើនឡើង ខ្ញុំសំដៅទៅលើ ផ្នែកចំណីអាហារ ចូលដល់ខែ៤ចុងខែ៤ ដើមខែ៥យើងនិយាយពីស្ថានភាពកូវីដ រៀងធូស្រាលជាងបន្តិច ប៉ុន្តែអាជីវកម្មរបស់គាត់ដូចជាធ្លាក់ចុះ។ចឹងយើងកំពុងគិតថា តើមកពីមនុស្សអត់ទាន់ចង់ចាយលុយនៅពេលហ្នឹង!សន្សំលុយឬក៏ ព្រោះអីមុនពេលហ្នឹង គាត់ទិញយកមកស្តុកទុកអស់ហើយ ទំនិញមួយចំនួនដាក់នៅផ្ទះគាត់អស់ហើយ”។
ក្នុងឱកាសនោះដែរលោក តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមបានបញ្ជាក់ថា រហូតមកដល់ពេល ធនាគារសហគ្រាសធុនតូចនិងមធ្យម(SME Bank)មានទុនជាង១០០លានដុល្លារសម្រាប់ ទុកឲ្យសហគ្រាសធុនតូចនិងមធ្យមខ្ចី។
លោកបន្ថែមថា “បច្ចុប្បន្នមានស្ថាប័នចំនួន៣៣ ដែលកំពុងដំណើរការ នៅក្នុង SME Bank ខ្ញុំចង់ពន្យល់ដល់សារព័ត៌មាន និងជនរួមជាតិទាំងអស់ ជាពិសេសSME ទូទាំងព្រះរាជាណាចក្រកម្ពុជា នៅពេលដែលរដ្ឋាភិបាល បង្កើតSME Bank ដែលមានទុន១០០លានដុលារ គឺខាងក្រសួងហិរញ្ញវត្ថុ SME Bank ហ្នឹងគាត់មានទុន៥០លានដុល្លារ គាត់មានស្រេចហើយ ហើយបច្ចុប្បន្ននេះ រហូតទៅដល់មុនថ្ងៃចូលឆ្នាំខ្មែរហ្នឹង! គេបានរាយការណ៍ប្រាប់ហ្នឹង! ខាងធនាគារ៣៣ដែលបានបរិច្ចាគ ជួយទៅលើSME Bank បានរហូតដល់៩៧លាន៥សែនដុល្លារហើយ ចឹងបានថា SME Bank យើងមិនមែនមានចូលខ្ទង់១០០លានដុល្លារទេ ចូលដល់១៥០លានហើយ”។
លោកបន្ថែមថា សហគ្រាសធុនតូចនិងមធ្យម អាចខ្ចីប្រាក់ពីធនាគារ សហគ្រាសធុនតូចនិងមធ្យមបាន ចាប់ពីចន្លោះ២០ទៅ៣០ម៉ឺនដុល្លារ ក្នុង១សហគ្រាសតែប៉ុណ្ណោះ៕ដោយ៖ធី លីថូ