រដ្ឋមន្រ្តីសុខាភិបាល ៖ សុខភាពបឋម ជាអាទិភាពដ៏សំខាន់

ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ កម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែសីហា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារ បន្តកាលពីពេលថ្មីៗនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា សុខភាពបឋម គឺជាអាទិភាពដ៏សំខាន់បំផុតដែលចំណាយតិច បានផលច្រើន។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ មជ្ឈមណ្ឌលជាតិ និងអង្គភាពពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងលើក កម្ពស់សុខភាពសាធារណៈ ដោយត្រូវយកចិត្តទុកដាក់បង្កើន ការផលិតសារអប់រំ ជំងឺឆ្លង ដូចជាជំងឺគ្រុនឈាម និងការពុលចំណីអាហារ និងផ្សព្វផ្សាយសារអប់រំសុខភាព តាមគ្រប់មធ្យោបាយ ឲ្យកាន់តែទូលំទូលាយ ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ។ បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់បន្ថែមលើបញ្ហា សុខភាពសាធារណៈដូចជា អាហារូបត្ថម្ភកុមារ កម្មវិធីចាក់ថ្នាំបង្ការ សុខភាពបរិស្ថាន ដោយត្រូវសហការគ្នា ជាមួយផ្នែកពាក់ព័ន្ធឱ្យបានជិតស្និត នៅគ្រប់ស្ថានភាព។

ជាមួយគ្នានេះ សាស្រ្តាចារ្យ ក៏បានលើកឡើងពីស្ថានភាព នៅព្រំដែនថា ថ្នាក់ដឹកនាំទទួលបន្ទុក ត្រូវខិតខំបន្តសកម្មភាព ឲ្យកាន់តែល្អប្រសើរឲ្យគ្រប់ស្ថានភាព ដោយបង្កើន ការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ជាពិសេសនៅ តាមបណ្តាខេត្តព្រំដែន និង បន្តយកចិត្តទុកដាក់លើបញ្ហាសុខភាពសាធារណៈ ក្នុងការពិនិត្យថែទាំសុខភាព ប្រជាពលរដ្ឋនៅគ្រប់ស្ថានភាព ។

សាស្រ្តាចារ្យបានផ្តាំផ្ញើ និងថ្លែងអំណរ គុណដល់ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាល ខេត្តជាប់ព្រំដែន និងខេត្តសៀមរាប ព្រមទាំងមន្ទីរសុខាភិបាលខេត្តដែលចូលរួមជួយគាំទ្រ ដល់ខេត្តកំពុងមមាញឹក ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងកងទ័ពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្ថិតក្នុងស្ថានភាពជួបការលំបាកនេះ ។ សាស្ត្រាចារ្យបានរំលឹកថា «ក្នុងស្មារតីស្នេហាជាតិ យើងទាំងអស់គ្នាត្រូវបន្តប្រឹងប្រែង និងសាមគ្គីគ្នា បំពេញការងារឲ្យកាន់តែខ្លាំងឡើងៗ»៕







