ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ៖ ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំគ្រប់កម្រិត និងការិយាល័យទាំង៣ នៃមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃ២០ សីហា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានលើកឡើងថា ប្រធាន និងថ្នាក់ដឹកនាំអង្គភាព នៃមន្ទីរពេទ្យកាល់ម៉ែត គឺជាបុគ្គលគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ និងសាធារណជន។

ក្នុងកិច្ចប្រជុំនេះ សាស្រ្តាចារ្យរដ្ឋមន្ត្រី បានណែនាំចំណុចសំខាន់ៗ ជូនថ្នាក់ដឹកនាំមន្ទីរពេទ្យ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ដោយក្នុងនាមជាអ្នកដឹកនាំ ត្រូវធ្វើជាគំរូ កសាងភាពជឿជាក់ ស្មារតីមោះមុត មានភាពបទបែបខ្ពស់ ក្នុងការស្វែង កបញ្ហានិងដោះស្រាយបញ្ហា ដែលកើតមាននៅក្នុងអង្គភាពទាន់ពេលវេលា ការធ្វើសវនកម្មផ្ទៃក្នុង ការកសាងវប្បធម៌ សីលធម៌របស់អង្គភាព និងការរៀបចំផែនការអភិវឌ្ឍ និងមានចក្ខុវិស័យឲ្យបានច្បាស់លាស់ ទើបអង្គភាពកាន់តែរីកចម្រើន។

ជាចុងក្រោយ សាស្ត្រាចារ្យ ក៏បានថ្លែង អំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ទីរពេទ្យកាល់ម៉ែត និងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក៏ដូចជាមន្ត្រី បុគ្គលិកទាំងអស់ឲ្យបន្តខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ជួយលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពការបម្រើសេវា របស់មន្ទីរពេទ្យឲ្យកាន់តែទទួល បានលទ្ធផលល្អប្រសើរ បន្ថែមទៀត ៕

To Top