ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ Korean Air ប្រកាសទិញយន្តហោះ Boeing ជាង ១០០ គ្រឿង

Xinhua

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានប្រកាសពីកិច្ចព្រមព្រៀងតម្លៃ ៥០ ពាន់លានដុល្លារ ដើម្បីទិញយន្តហោះ Boeing ជាង ១០០ គ្រឿង និងគ្រឿងបន្លាស់ម៉ាស៊ីនជាច្រើន រួមទាំងការទទួលបានការថែទាំម៉ាស៊ីនរយៈពេល ២០ ឆ្នាំ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងជាផ្លូវការនៅក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃចន្ទក្នុងទីក្រុងវ៉ាស៊ីនតោន ខណៈប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung បានជួបជាមួយលោកប្រធានាធិបតី Donald Trump។

Korean Air បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងតម្លៃ ៣៦,២ ពាន់លានដុល្លារសម្រាប់យន្តហោះ Boeing ជំនាន់ក្រោយ ១០៣, តម្លៃ ៦៩០ លានដុល្លារសម្រាប់គ្រឿងបន្លាស់ម៉ាស៊ីនចំនួន១៩ ពី GE Aerospace និង CFM International និង តម្លៃ ១៣ ពាន់លានដុល្លារសម្រាប់កិច្ចសន្យាសេវាកម្មថែទាំម៉ាស៊ីនរយៈពេល ២០ ឆ្នាំជាមួយក្រុមហ៊ុន GE Aerospace ។

ផ្ទាំងពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍របស់ Korean Air បាននិយាយថា “កិច្ចព្រមព្រៀងនេះគឺជាជម្រើសយុទ្ធសាស្រ្តដើម្បីពង្រឹងភាពជាដៃគូរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air ជាមួយឧស្សាហកម្មអាកាសចរណ៍របស់សហរដ្ឋអាមេរិក” ។ “ការវិនិយោគជាយុទ្ធសាស្រ្តនេះនៅក្នុងទីផ្សារសហរដ្ឋអាមេរិក នឹងពង្រឹងបន្ថែមទៀតនូវសមត្ថភាពប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ និងការប្រកួតប្រជែងជាសកល ព្រមទាំងជំរុញទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំដែលនឹងជំរុញឱ្យមានកំណើនប្រកបដោយនិរន្តរភាព។”

ក្រុមហ៊ុនបាននិយាយថា ការបញ្ជាទិញយន្តហោះរួមមាន Boeing 777-9s ចំនួន ២០ គ្រឿង, យន្តហោះ Boeing 787-10 ចំនួន ២៥ គ្រឿង, យន្តហោះ Boeing 737-10 ចំនួន ៥០ គ្រឿង និងយន្តហោះ Boeing 777-8F ចំនួន ៨ គ្រឿង។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា យន្តហោះនេះត្រូវបានកំណត់ពេលសម្រាប់ការចែកចាយជាដំណាក់កាលរហូតដល់ចុងឆ្នាំ ២០៣០៕

ប្រែសម្រួលៈ ណៃ តុលា

To Top