ព័ត៌មានជាតិ

អេហ្ស៊ីប និងអេស្បាញ​ ព្រមានពីផលប៉ះពាល់ នៃប្រតិបត្តិការយោធា របស់អ៊ីស្រាអែល នៅប៉ាឡេស្ទីន

CNN

គែរ៖ ប្រទេសអេហ្ស៊ីប និងអេស្បាញ បានព្រមានកាលពីថ្ងៃអង្គារ អំពីហានិភ័យធ្ងន់ធ្ងរ នៃការកើនឡើងប្រតិបត្តិការយោធា របស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន​ ដែលខ្លួនកាន់កាប់។

ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty និងសមភាគីអេស្ប៉ាញ លោក Jose Manuel Albares បានព្រមានថា ស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីប បានធ្លាក់ចុះដល់កម្រិតមួយ​ ដែលមិនធ្លាប់មានពីមុនមក។

អ្នកការទូតកំពូលរបស់អេហ្ស៊ីបបានឧ្យដឹងថា “ឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយអ៊ីស្រាអែល” បានឆ្លងកាត់ព្រំដែនទាំងអស់ ហើយបានអំពាវនាវឱ្យសហភាពអឺរ៉ុប ចាត់វិធានការជាក់លាក់ និងមានប្រសិទ្ធភាព ដើម្បីបង្ខំអ៊ីស្រាអែលឱ្យប្រកាន់ខ្ជាប់នូវច្បាប់ និងបទដ្ឋានអន្តរជាតិ។

ផ្ទាំងពាណិជ្ជកម្ម

លោកក៏បានគូសបញ្ជាក់ ពីព័ត៌មានលម្អិត នៃកិច្ចព្រមព្រៀងបទឈប់បាញ់​ ដែលបានស្នើឡើងនៅតំបន់ហ្គាហ្សា ដែលរួមមានបទឈប់បាញ់រយៈពេល ៦០ថ្ងៃ ដើម្បីអនុញ្ញាតឱ្យមានការចរចា លើដំណោះស្រាយដ៏ទូលំទូលាយនៃសង្គ្រាម ការដោះលែងចំណាប់ខ្មាំង និងអ្នកទោសមួយចំនួន និងការផ្ដល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top