ប្រធានាធិបតីត្រាំ៖ ចាប់ពីពេលនេះតទៅ អាមេរិកនិងកម្ពុជា អាចផ្តោតការយកចិត្តទុកដាក់ជាមួយគា្ន លើការកសាងវិបុលភាព សម្រាប់ ប្រជាជាតិដ៏អស្ចារ្យរបស់ប្រទេសទាំងពីរ

ភ្នំពេញ៖ លោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក បានលើកឡើងថា ចាប់ពីពេលនេះតទៅ អាមេរិកនិងកម្ពុជា អាចផ្តោតការយកចិត្តទុកដាក់ជាមួយគា្ន លើការកសាងវិបុលភាព សម្រាប់ ប្រជាជាតិដ៏អស្ចារ្យរបស់ប្រទេសទាំងពីរ។
តាមរយៈសារលិខិត ផ្ញើមកកាន់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកប្រធានាធិបតីត្រាំ បានអរគុណ ចំពោះលិខិតដ៏កក់ក្ដៅរបស់សម្ដេច និងជាពិសេស ការស្នើរូបលោក សម្រាប់ពានរង្វាន់ ណូបែលសន្តិភាព។
លោកប្រធានាធិបតី មានកិត្តិយសក្រៃលែង ដែលបានសន្ទនាជាមួយសម្ដេចធិបតីហ៊ុន ម៉ាណែត ដើម្បីរួមចំណែកបញ្ចប់ជម្លោះប្រដាប់អាវុធ ជាមួយប្រទេសថៃ។
លោកប្រធានាធិបតីអាមេរិក បន្តថា ប្រទេសកម្ពុជាមានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង និងសម្បូណ៌បែប។
លោកប្រធានាធិបតីជឿជាក់ថា សម្ដេចធិបតីហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលផ្តល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់ សន្តិភាព។
លោកប្រធានាធិបតី ពិតជាមានមោទនភាព ដែលបានចូលរួមជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានបញ្ចប់នូវសោកនាដកម្ម នៃជម្លោះប្រដាប់អាវុធ និងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។
លោកបញ្ជាក់ថា «ចាប់ពីពេលនេះតទៅ យើងអាចផ្តោតការយកចិត្តទុកដាក់ជាមួយគា្នលើការកសាងវិបុលភាព សម្រាប់ ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំងពីរ»៕
