ព័ត៌មានអន្តរជាតិ

ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់អាស៊ាន សម្រាប់រយៈពេល ១៦ ឆ្នាំជាប់ៗគ្នា

VN Express

ប៉េកាំង៖ មន្ត្រីពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិន បានបន្តក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្រាប់រយៈពេល ១៦ ឆ្នាំជាប់ៗគ្នា។ ពាណិជ្ជកម្មរវាងចិន និងអាស៊ានឈានដល់ ៥៩៧ ពាន់លានដុល្លារក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ កើនឡើង ៨.២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និងស្មើនឹង ១៦.៧ ភាគរយនៃពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចិនសម្រាប់រយៈពេលដូចគ្នា នេះបើយោងតាមអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Yan Dong ។

លោកបានឲ្យដឹងថា គិតត្រឹមដំណាច់ខែកក្កដា ការវិនិយោគពីរផ្លូវកើនឡើងលើសពី ៤៥០ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនចិនបាននិងកំពុងសកម្មក្នុងការចុះកិច្ចសន្យាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងបណ្តាប្រទេសអាស៊ាន ជាមួយនឹងចំណូលសរុបចំនួន ៤៨០ ពាន់លានដុល្លារនៅចុងខែកក្កដា។

លោកបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ចិន-អាស៊ានលើកទី២២។ តាមការគ្រោងទុកពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែកញ្ញា ពិព័រណ៍នេះនឹងប្រព្រឹត្តទៅនៅទីក្រុងណាននីង រដ្ឋធានីនៃតំបន់ស្វយ័តក្វាងស៊ី ភាគខាងត្បូងប្រទេសចិន។ ពិព័រណ៌នេះមានតំបន់តាំងពិពណ៌ជិត ១៦០,០០០ ម៉ែត្រការ៉េនៅឆ្នាំនេះ ដោយមានសហគ្រាសប្រហែល ៣,២០០ មកពី ៤៥ ប្រទេសបានបញ្ជាក់ពីការចូលរួមរបស់ពួកគេរួចហើយ។

លោកបានបន្ដថា ប្រទេសចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាមួយអាស៊ាន ពង្រីកការនាំចូលផលិតផលអាស៊ាន ដូចជាផ្លែឈើត្រូពិច កាហ្វេ កៅស៊ូ និងប្រេងដូង ព្រមទាំងពង្រឹងភាពជាដៃគូពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែនជាមួយបណ្តាប្រទេសអាស៊ាន។ លោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងក៏នឹងត្រូវបានធ្វើឡើងផងដែរ ដើម្បីបង្កើនការវិនិយោគក្នុងវិស័យឌីជីថល និងសេដ្ឋកិច្ចបៃតង និងវិស័យដែលកំពុងរីកចម្រើនផ្សេងទៀតនៅក្នុងបណ្តាប្រទេសអាស៊ាន ក៏ដូចជារក្សាបាននូវលំហូររលូន និងស្ថិរភាពនៃសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងការផ្គត់ផ្គង់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top