ក្រុមហ៊ុនកម្ពុជា Air Cambodia គ្រោងទិញយន្តហោះ២០គ្រឿង ពីប្រទេសចិន

ភ្នំពេញ៖ ក្រុមហ៊ុនកម្ពុជា Air Cambodia និង ក្រុមហ៊ុនចិន Commercial Aircraft Corporation of China, Ltd.,(COMAC) បានអនុស្សរណៈនៃការយោគយល់គ្នា អំពីការគ្រោងនឹងទិញយន្តហោះ ដែលផលិតដោយចិនផ្ទាល់ គឺ C909 regional ចំនួន២០គ្រឿង ដែលក្នុងនោះចំនួន១០គ្រឿង បានបញ្ជាក់ការបញ្ជាទិញ និងចំនួន១០គ្រឿងផ្សេងទៀត មានបំណងបញ្ជាទិញ។ នេះបើយោងតាមលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋចិនប្រចាំកម្ពុជា។
លោក វ៉ាង វិនពីន បានឱ្យដឹងទៀតថា ភាគីទាំងពីរនូវគ្រោងនឹង សហការគ្នា លើវិស័យការបញ្ជាទិញយន្តហោះ ការគាំទ្រប្រតិបត្តិការ និងបណ្ដុះបណ្ដាលផលិតកម្មជាដើម។
លោកបញ្ជាក់ថា «នេះគឺជាវឌ្ឍនភាពថ្មី នៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យដែនអាកាស នៃប្រទេសទាំងពីរ ដែលមានអត្ថប្រយោជន៍សំខាន់ សម្រាប់ភាគីទាំងពីរ»៕

