ភរិយាប្រធានក្រុមហ៊ុនទូរសព្ទចល័តមួយ ក្នុងខេត្តមណ្ឌលគិរីប្តឹងស្វាមីទៅតុលាការ ពីបទហឹង្សាប្រព្រឹត្តដោយសហព័ន្ធ និងប្រទូស្តកេរ្តិ៍ខ្មាស

មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។
ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន ហើយមានខ្លឹមសារដូចខាងក្រោម៖
អ្នកស្រី តែ បូផា អាយុ៤៥ឆ្នាំ មានមុខរបរលក់ដូរ រស់នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបរាប់ថា « គាត់និងឈ្មោះ កែ សេងអូន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានរៀបការជាមួយគ្នានៅអំឡុងឆ្នាំ ២០១០។
ក្រោយពី រៀបការរួចគ្រួសារខ្ញុំ ធ្លាប់មានបញ្ហារកាំរកូសជាមួយគ្នាតិចតួច ប៉ុន្តែចាប់ពីមួយរយៈចុងក្រោយ ប្រហែល ៤ ទៅ ៥ឆ្នាំនេះ ឈ្មោះ កែ សេងអូន ដែលជាប្តីបែរជាចេញអាកប្បកិរិយាប្លែកៗមកលើ គ្រួសារ ដូចជាពេលដែលគាត់ចេញពីធ្វើការ គាត់តែងតែបន្តទៅផឹកស៊ីខាងក្រៅរហូតដល់យប់ៗជ្រៅទើប មកដល់ផ្ទះវិញ។ ហើយរាល់ពេលដែលគាត់ស្រវឹង គាត់តែងតែបង្ខំខ្ញុំក្នុងការរួមភេទជាមួយគាត់ ទោះបីជាខ្ញុំប្រកែក ក៏គាត់នៅតែបង្ខំ ដោយជួនកាលគាត់ប្រើឧបករណ៍ (លិង្គសិប្បនិម្មិត) មករុកលេងចូល ក្នុងប្រដាប់ភេទជាញ៉យដង ដែលបង្កឱ្យខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង។
ពេលខ្លះទៀត គាត់ទៅរករឿងធ្វើបាបកូនៗ ដូចជាចាប់វៃ អូសទាញជើង ចូលក្នុងបន្ទប់ ជាន់ទាត់ធាក់ (ដូចមានក្នុង វិដេអូ)។ ហើយពេលខ្លះទៀត គាត់មករករឿងឈ្លោះជាមួយខ្ញុំ រហូតឈានដល់ ការវ៉ៃតប និងបណ្តេញខ្ញុំចេញពីផ្ទះក៏មាន ។ ហើយជួនកាលលួចថតរូបខ្ញុំស្រាត និងលួចថតពេលរួមភេទក៏មាន ដោយសារនៅពេលដែលគាត់ភ្លេចខ្លួន គាត់យករូបថត និងវីដេអូ នោះមកមើលលេងទុក ជាការលេងសើច ព្រោះបុគ្គលនោះចូលចិត្តមើលរឿងសិចតែម្តង » ។
អ្នកស្រី តែ បូផា បានបន្តថា ជាក់ស្តែងអំឡុងខែវិច្ឆិកា ឆ្នាំ ២០២៣ ម៉ោង០១ទៀបភ្លឺ ឈ្មោះ កែ សេងអូន បានត្រឡប់ មកពីផឹកស៊ីខាងក្រៅ ពេលមកដល់ផ្ទះបែរជាឈ្លោះរករឿងខ្ញុំដែរជាប្រពន្ធ រហូតឈានដល់ការ ប្រើអំពើហឹង្សាដោយយកប្រដាប់វ៉ៃមុស មកវាយសំពងមកលើនាងខ្ញុំជាច្រើនកន្លែងត្រូវចំ ក្បាល និងម្រាមដៃហូរឈាម (ដូចមានរូបថតជូនភ្ជាប់)។ បន្ទាប់មកនៅខែមីនា ឆ្នាំ២០២៤ នាងខ្ញុំ ចេញទៅ ញ៉ាំអីនៅក្រៅ ក៏ប្រទះឃើញប្តីរបស់ខ្ញុំបណ្តើរកៀកក ស្រីផ្សេង ឃើញបែបនោះ ខ្ញុំក៏សួរនាំគាត់តែម្តង បែរជាគាត់មកចោទថាខ្ញុំមួយថ្ងៃៗចេះតែរករឿងគាត់ទៅវិញ រួចគាត់បែរជាវាយខ្ញុំដោយ រុញ ខ្ទប់ទៅ បុកហ្នឹងឡានបណ្តាលឱ្យ ជាំដៃ ខ្នង និង ស្មា ។ បន្ទាប់មកនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ១១ និង ៣០នាទី យប់ ខ្ញុំនិងកូនៗត្រឡប់មកពីខេត្តកំពត ពេលមកដល់ផ្ទះឃើញសំភារៈក្នុងផ្ទះខ្ទេចខ្ទីខូសអស់ ដូចជា កម្ទេចកាមេរ៉ាសុវត្ថិភាពនៅមុខផ្ទះ កាប់ បំផ្លាញម៉ូតូ បោកកំទេចឆ្នាំបាយ ចានឆ្នាំដោយឃើញបែបនេះ ខ្ញុំក៏ទៅសួរ នាំអ្នកជួលបន្ទប់ក្បែរនោះ ហើយគាត់បានប្រាប់ថា ពេលនោះគាត់ភ័យខ្លាំងណាស់ ព្រោះលឺសម្លេង ឈ្មោះ កែ សេងអូន ស្រែកជេរខ្លាំងៗ និងបោកបំផ្លាញឥវ៉ាន់នៅក្នុងផ្ទះចោលទាំងអស់ រួចឈ្មោះ កែ សេងអូន ក៏បើកឡានចេញពីផ្ទះបាត់ទៅ។
អ្នកស្រី តែ បូផា បានបញ្ជាក់ថា ដោយទ្រាំលែងបានអំពើហឹង្សាដែលបង្កឡើងដោយប្តីមានចិត្តកំណាចនេះ គាត់សម្រេចចិត្តប្តឹងប្តីឈ្មោះ កែ សេងអូន ទៅតុលាការខេត្តមណ្ឌលគិរីពីបទ ហឹង្សាប្រព្រឹត្តដោយសហព័ទ្ធ និង បទ ប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោស ដោយសារមធ្យោបាយប្រើប្រាស់ ព្រមទាំងប្តឹងទាមទារសំណងជំងឺចិត្ត ចំនួន USD ២០,០០០ (ពីរម៉ឺនដុល្លារអា មេរិក) ។
ទាក់ទិននិងការចោទប្រកាន់ខាងលើពីសំណាក់ភរិយា លោកកែ សេងអូន បានប្រាប់ដើមអម្ពិលតាមទូរសព្ទថា លោកមិនបានធ្វើរឿងទាំងអស់នោះឡើយ លោកបញ្ជាក់ថាលោកសូមច្រានចោលទាំង
អស់នូវការចោទប្រកាន់មកលើរូបលោក៕ ដោយៈចាន់បុត្រ |មណ្ឌលគិរី| ដើមអម្ពិល










