ព័ត៌មានជាតិ

រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំកិច្ចប្រជុំ កំណត់ព្រំដីសាធារណៈ សម្រាប់ចុះបញ្ជីដីធ្លីនៅស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ៖ លោក ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ កំណត់ព្រំដីសាធារណៈសម្រាប់ចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅ ឃុំចំនួន២គឺ ឃុំរការខ្នុរ និងឃុំស្វាយឃ្លាំង ក្នុងស្រុកក្រូចឆ្មារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ។

លោក ហុក ពេជ្រហោះ អភិបាលរងខេត្ត បានលើកឡើងថា “កិច្ចប្រជុំនាថ្ងៃនេះ គឺជាប្រវត្តិសាស្ត្រមួយក្នុងការកំណត់ព្រំដី ផ្លូវ បឹង ស្ទឹង ប្រឡាយ ជូនប្រជាពលរដ្ឋសម្រាប់ថ្ងៃអនាគត និងសម្រាប់កូនចៅជំនាន់ក្រោយ។ ខ្ញុំសូមឱ្យអង្គប្រជុំទាំងអស់ធ្វើការពិភាក្សាដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីរកផ្លូវកណ្តាលមួយដែលអាចទទួលយកបាន”។

បន្ថែមពីនេះ លោកអភិបាលរងខេត្តបានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនគឺ៖

-សូមឱ្យមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់សហការជាមួយក្រុមការងារចុះបញ្ជីដីធ្លី ដើម្បីកំណត់ដីចំណីផ្លូវ, ទន្លេ, ស្ទឹង, ព្រែក, អូរ, ប្រឡាយ, បឹង និងដីសាធារណៈផ្សេងៗ។

-សូមមន្ទីរជុំវិញខេត្ត និងអាជ្ញាធរដែនដីចូលរួមផ្ទៀងផ្ទាត់, កំណត់ព្រំប្រទល់ និងចុះបញ្ជីដីរដ្ឋដែលខ្លួនកំពុងកាន់កាប់។

-សូមឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់សហការជាមួយមន្ត្រីមានសមត្ថកិច្ចក្នុងការចុះបញ្ជីដីធ្លីនៅតាមដែនដីរបស់ខ្លួនឱ្យបានត្រឹមត្រូវ។

លោកអភិបាលរងខេត្ត បានឱ្យមន្ទីរជំនាញ និងអាជ្ញាធរដែនដីចូលរួមផ្តល់យោបល់ពាក់ព័ន្ធនឹងការកំណត់ទំហំដី និងដីចំណីហេដ្ឋារចនាសម្ព័ន្ធ ដោយគោរពតាមសេចក្តីណែនាំ និងលិខិតបទដ្ឋានគតិយុត្តដែលមានចែងផងដែរ។

សូមគូសបញ្ជាក់បន្ថែមថា៖ ភូមិសាស្ត្រស្រុកមួយចំនួនក្នុងខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកព្រមទាំងមន្ត្រីជំនាញសុរិយោដីស្រុក បានខិតខំប្រឹងប្រែងធ្វើការចុះវាស់វែង និងកំណត់ទៅលើផ្ទៃដី ដើម្បីរៀបចំរចនាសម្ព័ន្ធដី ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធងាយស្រួលក្នុងការគ្រប់គ្រង និងកំណត់ក្នុងការប្រើប្រាស់ ជាពិសេសជួយពន្លឿនដល់ការចេញប្លង់កម្មសិទ្ធិ (ប្លង់រឹង) ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីជួយកាត់បន្ថយទំនាស់ដីធ្លីនៅមូលដ្ឋាន។

ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/

To Top