អ្នកអត្ថាធិប្បាយរបស់ទូរទស្សន៍ BBC ចោទមន្ត្រីថៃថា បានរារាំងពួកគេផលិតឯកសារ ដែលចំណងជើងថា ប្រទេសថៃ៖ ជ្រុងងងឹតក្នុងឋានសួគ៌

បរទេស៖ រដ្ឋាភិបាលថៃបានបើកការស៊ើបអង្កេតភ្លាមៗបន្ទាប់ពីអ្នកធ្វើបទបង្ហាញ BBC បានរាយការណ៍ថា មានការរារាំងដោយមន្ត្រីក្នុងទីក្រុងបាងកក។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ បានបដិសេធយ៉ាងដាច់អហង្កាចំពោះការអះអាងដែលថា មន្ត្រីរដ្ឋាភិបាលថៃបានជ្រៀតជ្រែកក្នុងការថតភាពយន្តឯកសាររបស់ BBC នៅទីក្រុងបាងកក បន្ទាប់ពីមានរបាយការណ៍បង្កឱ្យមានការព្រួយបារម្ភអំពីបរិយាកាសផលិតកម្មភាពយន្តរបស់ប្រទេសថៃ។
លេខាធិការអចិន្ត្រៃយ៍របស់ក្រសួងទេសចរណ៍ និងកីឡា លោកស្រី Natriya Thaweewong បានបង្ហើបថា រដ្ឋាភិបាលបានបើកការស៊ើបអង្កេតភ្លាមៗ បន្ទាប់ពីទូរទស្សន៍អន្តរជាតិធំនេះបានចោទថា មន្ត្រីថៃបានរារាំងការផលិតឯកសាររបស់ពួកគេនៅក្នុងរដ្ឋធានីបាងកក។
ឧបទ្ទវហេតុនេះផ្តោតលើភាពយន្តឯកសាររបស់ BBC ដែលមានចំណងជើងថា “Thailand: The Dark Side of Paradise” ឬ “ប្រទេសថៃ៖ ជ្រុងងងឹតនៃឋានសួគ៌” ដែលជាការស៊ើបអង្កេតរយៈពេល ៤៤ នាទីដែលបង្ហាញដោយ Zara McDermott អតីតបេក្ខនារីរបស់ Love Island និងបានប្រែក្លាយអ្នកធ្វើបទបង្ហាញព័ត៌មាន។ កម្មវិធីនេះពិនិត្យពីគ្រោះថ្នាក់ដែលភ្ញៀវទេសចរអង់គ្លេសជួបប្រទះពេលមកលេងប្រទេសថៃ ដោយបង្ហាញថា ស្ថានកុងស៊ុលអង់គ្លេសនៅទីក្រុងបាងកកជួយជនជាតិអង់គ្លេសប្រហែល ២.០០០ នាក់ក្នុងមួយឆ្នាំ។
McDermott បានអះអាងថា ក្នុងរយៈពេលតិចជាង ២៤ ម៉ោងនៅទីក្រុងបាងកក ក្រុមការងាររបស់នាង ស្ទើរតែត្រូវ “ប៉ូលីសចាប់ខ្លួន” ខណៈពេលដែលកំពុងថតនៅ Cowboy Soi ដែលជាតំបន់មួយដែលពោរពេញទៅដោយស្ត្រីស្លៀកពាក់មិនសមរម្យ។ បើទោះជាបានទទួលការអនុញ្ញាតពីប៉ូលីសក្នុងការថតក៏ដោយ ក៏ក្រុមកាងារត្រូវបានចោទថា ប៉ូលីសបានបញ្ជាឱ្យពួកគេលុបវីដេអូរបស់ពួកគេ ឬប្រឈមមុខនឹងការចាប់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា
