Covid-19

ម៉ាឡេស៊ី ពង្រីកការបិទប្រទេស​ តាមលក្ខខណ្ឌត្រឹម ៤ សប្តាហ៍ដល់ថ្ងៃទី៩ មិថុនា

កូឡាឡាំពួរ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin បានប្រកាសថាការចាក់សោរផ្នែកខ្លះរបស់ប្រទេស ដែលបានចាប់ផ្តើមកាលពី ៧ សប្តាហ៍មុននឹងត្រូវបាន បន្តរហូតដល់ថ្ងៃទី៩ ខែមិថុនា ដើម្បីធានាបាននូវភាពជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលកូវីដ-១៩។

លោក Muhyiddin បានឲ្យដឹងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថា “ទោះបីជាយើងទទួលបាននូវការវិវឌ្ឍន៍វិជ្ជមានជាច្រើន ក្នុងកិច្ចប្រឹងប្រែងរបស់យើង ដើម្បីដោះស្រាយការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក៏ដោយយើងមិនទាន់ចេញ ពីព្រៃនៅឡើយទេ” ។

លោកបានបញ្ជាក់ថា “យើងនៅតែត្រូវចាត់វិធានការ បន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹង ការផ្ទុះឡើង ” ការសម្រេចចិត្តនេះត្រូវបានគេ ទទួលយកដំបូន្មាន ពីក្រសួងសុខាភិបាល និងក្រុមប្រឹក្សាសន្តិសុខជាតិ។

ប្រទេសម៉ាឡេស៊ី បានចាប់ផ្តើមដាក់សោរមួយ ផ្នែកនៅទូទាំងប្រទេសនៅថ្ងៃទី១៨ ខែមីនា ដោយបានបិទព្រំដែនរបស់ខ្លួន និងបិទសាលារៀន និងអាជីវកម្ម។ ចាប់តាំងពីពាក់កណ្តាលខែមេសា ការកើនឡើងជារៀងរាល់ថ្ងៃ នៅក្នុងករណីជំងឺកូវីដ-១៩ បានធ្លាក់ចុះដល់ ២ខ្ទង់៕

ដោយ ឈូក បូរ៉ា

To Top