រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា ព្រមានថា វត្តមានយោធាអាមេរិកកំពុងបង្កការគម្រាម កំហែងដលសន្តិភាព នៅក្នុងតំបន់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បានព្រមានកាលពីថ្ងៃចន្ទថា ការដាក់ពង្រាយយោធារបស់សហរដ្ឋអាមេរិក នៅតំបន់ការ៉ាប៊ីន នឹងអាចបង្កគ្រោះថ្នាក់ដល់អាមេរិកឡាទីន និងស្ថានភាពរបស់តំបន់ការ៉ាប៊ីនដែលធ្លាប់ជាតំបន់ដ៏មានសន្តិភាព។
ថ្លែងនៅក្នុងកិច្ចប្រជុំនៃសហគមន៍រដ្ឋអាមេរិកឡាទីន និងរដ្ឋការីប៊ីន រដ្ឋមន្ត្រីការបរទេសនៅទីក្រុងញូវយ៉ក លោក Gil បាននិយាយថា ការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនត្រឹមតែផ្តោតលើប្រទេសវេណេស៊ុយអេឡាប៉ុណ្ណោះទេ ថែមទាំងស្ថិរភាពក្នុងតំបន់ផងដែរ។
លោករដ្ឋមន្ត្រីបានពោលបែបនេះថា៖តើអ្នកណាអាចស្រមៃថាការវាយប្រហារលើប្រទេសរបស់យើងនឹងមិនប៉ះពាល់ដល់អ្នកជិតខាងរបស់ខ្លួនឬសេដ្ឋកិច្ចក្នុងតំបន់?
លោក Gil បានសង្កត់ធ្ងន់ថា ប្រទេសវេណេស៊ុយអេឡាមិនមានជម្លោះជាមួយសហរដ្ឋអាមេរិកទេ ប៉ុន្តែត្រូវប្រឈមមុខនឹងការប៉ុនប៉ងឈ្លានពានយោធាដែលត្រូវបានផ្សព្វផ្សាយដោយកិច្ចការងារនយោបាយ នៅក្នុងទីក្រុងវ៉ាស៊ីនតោនទៅវិញ។
លោកក៏បាននិយាយដែរថា ប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro បានបញ្ជាឱ្យវិធានការទប់ស្កាត់ ដើម្បីការពារជម្លោះនេះកុំឱ្យកើតឡើង ហើយបានច្រានចោលការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកដើម្បីភ្ជាប់រដ្ឋាភិបាលវេណេស៊ុយអេឡាទៅនឹងការជួញដូរគ្រឿងញៀនថាជា ការកុហកដ៏អស្ចារ្យមួយ៕
ប្រែសម្រួល ៖ ស៊ុន លី
