ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​អ៊ីរ៉ង់​ ច្រានចោល​ចំណាត់ការ​របស់​អឺរ៉ុប​  ដើម្បី​ស្តារ​ទណ្ឌកម្ម​នុយក្លេអ៊ែរឡេីងវិញ

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានច្រានចោលចំណាត់ការរបស់ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ក្នុងការដាក់ទណ្ឌកម្មរបស់ អង្គការសហប្រជាជាតិឡើងវិញលើទីក្រុងតេអេរ៉ង់ ដោយថា វាខ្វះ “ភាពស្របច្បាប់អន្តរជាតិ”។

ថ្លែងនៅឯមហាសន្និបាត អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក Pezeshkian បានរិះគន់ការសម្រេចចិត្តរបស់មហាអំណាចអឺរ៉ុបកាលពីខែមុន ដើម្បីបន្ដកយន្តការ “snapback” នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុនបានបរាជ័យក្នុងការអនុម័តដំណោះស្រាយ​ ដើម្បីបន្តការបន្ធូរបន្ថយទណ្ឌកម្មសម្រាប់ប្រទេសអ៊ីរ៉ង់ ដោយបានជម្រះផ្លូវសម្រាប់ការ ដាក់ទណ្ឌកម្មត្រឡប់មកវិញនៅចុងខែនេះ។

លោក Pezeshkian បានលេីកឡេីងថា ប្រជាជនអ៊ឺរ៉ុប “បានបរាជ័យក្នុងការគោរពការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ” ហើយឥឡូវនេះកំពុងធ្វើសកម្មភាព “ក្រោមសម្ពាធ និងការបង្ខិតបង្ខំរបស់ទីក្រុងវ៉ាស៊ីនតោន” ។

លោកបានចោទប្រកាន់ពួកគេថា​ កំពុងស្វែងរក ការបំផ្លាញផែនការ​ JCPOA ដែលលោកបានកត់សម្គាល់ថា​ ពួកគេធ្លាប់សាទរថាជា “សមិទ្ធិផលដ៏ធំបំផុតនៃការទូតពហុភាគី” នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក​បាន​បញ្ជាក់​ជា​ថ្មី​ថា អ៊ីរ៉ង់​  មិន​ដែល​ស្វែង​រក​អាវុធ​នុយក្លេអ៊ែរ​ឡើយ ហើយ​នឹង​មិន​ធ្វើ​ដូច្នោះ​ឡើយ ដោយ​លើក​ឡើង​ពី​ក្រឹត្យ​សាសនា​របស់​មេដឹកនាំ​កំពូលលោក​ Ali Khamenei៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top