បទពិសោធន៍ និងអនុសាសន៍របស់កម្ពុជា ក្នុងកិច្ចប្រជុំតុមូល រដ្ឋមន្រ្តីទេសចរណ៍ ត្រូវបានសាទរ និងគាំទ្រយកជាគម្រូ

ភ្នំពេញ៖ បទពិសោធន៍ និងអនុសាសន៍របស់កម្ពុជា ដែលបានលើកឡើង ដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំតុមូល រដ្ឋមន្រ្តីទេសចរណ៍ លើប្រធានបទ ” ការជំរុញបរិវត្តកម្មក្នុងតំបន់- ការធ្វើពិពិធកម្មគោលដៅទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស “ (Driving Regional Transformation – Destination Diversification and Human Resource Development) ត្រូវបានទទួលការសាទរ និងគាំទ្រយកជាគម្រូ
កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំតុមូលរដ្ឋមន្រ្តីទេសចរណ៍លើកទី៨ (The 8th TEJ Ministerial Round Table) ក្រោមប្រធានបទ ” ការជំរុញបរិវត្តកម្មក្នុងតំបន់- ការធ្វើពិពិធកម្មគោលដៅទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស” ដោយមានអ្នកចូលរួមជាថ្នាក់រដ្ឋមន្រ្តីទេសចរណ៍ និងនិយ័តករទេសចរណ៍ ពី៧ប្រទេស តំណាងអង្គការទេសចរណ៍ពិភពលោក (UN Tourism), World Travel & Tourism Council (WTTC), Pacific Asia Travel Association (PATA), European Travel Commission (ETC), Adventure Travel Trade Association (ATTA) និង Economic Research Institute of ASEAN and East Asia (ERIA) និងថ្នាក់ដឹកនាំក្រុមហ៊ុនទេសចរណ៍ជប៉ុន និងអន្តរជាតិជាច្រើន។
ក្នុងសុន្ទរកថាគន្លឺះ លោករដ្ឋមន្រ្តី បានចែករំលែកបទពិសោធនៃការអភិវឌ្ឍវិស័យទេសចរណ៍ ដោយផ្អែកលើសក្តានុពលទេសចរណ៍ បេតិកភណ្ឌដ៏ច្រើន វប្បធម៌ ទំនៀមទំលាប់ប្រពៃណី កត្តាអំណោយផលនៃទីតាំងភូមិសាស្រ្ត ជាពិសេសគឺកត្តាសុខសន្តិភាពដ៏ពេញលេញ ដែលកម្ពុជាឆ្លុះបញ្ចាំងដល់ពិភពលោកពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងទំនាក់ទំនង មិនអាចកាត់ផ្តាច់បានរវាងសន្តិភាព និងទេសចរណ៍ ដូចពាក្យស្លោកប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព”។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តី បានលើកជាអនុសាសន៍ចំនួន៣ ក្នុងសុន្ទរកថាគន្លឹះ ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការ ជំរុញលំហូរភ្ញៀវទេសចរក្នុងតំបន់ ត្រូវបានទទួលការសាទរគំាទ្រ និងត្រូវបានយកជាធាតុចូល និងបទពិសោធចែករំលែកបន្តទៀត៕
ដោយ៖ ដារាត់| ដើមអម្ពិល









