ព័ត៌មានអន្តរជាតិ

មនុស្ស ៧០ម៉ឺននាក់​ បង្ខំចិត្ដភៀសខ្លួនចេញពីទីក្រុងហ្គាហ្សា​ ខណៈដែលយោធាអ៊ីស្រាអែល​ បង្កើនការវាយលុកកាន់តែខ្លាំង

Xinhua

យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែលបានឧ្យដឹងថា ប្រជាជនប៉ាឡេស្ទីនប្រហែល ៧០ម៉ឺន នាក់បានភៀសខ្លួនចេញពីទីក្រុងហ្គាហ្សា ខណៈដែលកងកម្លាំងអ៊ីស្រាអែល​ បានបង្កើនការវាយលុកលើដី និងផ្លូវអាកាសរបស់ពួកគេទៅលើមជ្ឈមណ្ឌលទីក្រុងដ៏ធំបំផុតនៃតំបន់នោះ។

អ្នកនាំពាក្យយោធា Effie Defrin បានប្រាប់អ្នកយកព័ត៌មានថា “អ្នកស្រុកប្រហែល ៧០ម៉ឺននាក់បានជម្លៀសចេញ” ចាប់តាំងពីពាក់កណ្តាលខែសីហា នៅពេលដែលអ៊ីស្រាអែលបើកការវាយប្រហារថ្មីរបស់ខ្លួនលើទីក្រុងហ្គាហ្សា។ 

លោកបានលេីកឡេីងថា ពួកគេបានផ្លាស់ទីទៅអ្វីដែលអ៊ីស្រាអែលហៅថា “តំបន់មនុស្សធម៌” នៅភាគខាងត្បូងហ្គាហ្សា ដោយមិនបានបញ្ជាក់ប្រភពនៃការប៉ាន់ប្រមាណនោះទេ។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ចលនាភៀសខ្លួនប្រហែល ៣៨៨.៤០០នាក់ ត្រូវបានកត់ត្រានៅចន្លោះថ្ងៃទី១៤​ ដល់ថ្ងៃទី២៣​ ខែកញ្ញា ដែលភាគច្រើនចេញពីទីក្រុងហ្គាហ្សា ឆ្ពោះទៅកាន់ទីក្រុង​ Khan Younis និងតំបន់​ Deir al-Balah ដែលជាតំបន់ដែលគម្រោងដាក់បញ្ចូលដំណាក់កាលសន្តិសុខស្បៀង (IPC) នឹងត្រូវបញ្ចប់នៅខែកញ្ញា។

លោក Defrin បានបន្ដថា កងពលធំចំនួន​ ៥​ កំពុងប្រតិបត្តិការនៅទូទាំងតំបន់ហ្គាហ្សា ដោយក្នុងនោះមានបីក្រុមបានវាយលុកទីក្រុងហ្គាហ្សា និង “រឹតបន្តឹងការកាន់កាប់របស់ពួកគេ” ។ 

លោកបានបន្ថែមថា ចាប់តាំងពីពាក់កណ្តាលខែសីហាមក កងកម្លាំងអ៊ីស្រាអែលបានវាយប្រហារលើ “គោលដៅភេរវកម្ម” ជាង ២០០០​ នៅក្នុងទឹកដីនៃតំបន់នេះ ដោយលោកបានបន្ថែមថា កងកម្លាំងអាកាសបាននិងកំពុងធ្វើការវាយប្រហារប្រហែល ២០០ដងក្នុងមួយថ្ងៃ ដោយប្រើយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក និងឧទ្ធម្ភាគចក្រ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top