ក្រសួងសាធារណការ៖ កំណាត់ផ្លូវជាតិលេខ៧៦ (លំផាត់-បានលុង) បានស្រកអស់ច្រើនហើយ

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចកំណាត់ផ្លូវជាតិលេខ៧៦ (លំផាត់-បានលុង) ចន្លោះគីឡូម៉ែត្រលេខ ២៧០-២៧៣ បានស្រកអស់ច្រើនហើយ នៅសល់តែជាង ១០០ម៉ែត្រប៉ុណ្ណោះ ដោយសារទឹកភ្លៀងបានថមថយ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៧ កញ្ញា នេះ អ្នកនាំពាក្យ បានគូសបញ្ជាក់ថា «មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ ដោយបានបន្តផ្អាកជាបណ្តោះអាសន្នរថយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់ ដើម្បីការពារតួផ្លូវ ស្ពាន និងអនុញ្ញាតិឱ្យឆ្លងកាត់សម្រាប់តែរថយន្តធុនតូចលក្ខណៈគ្រួសារ និងមធ្យោបាយធុនស្រាលដទៃទៀតប៉ុណ្ណោះ»។
សូមរំលឹកថា ដោយសារស្ថានភាពអាកាសធាតុរដូវវស្សានេះ មានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់ ទឹកជន់លិចផ្លូវដោយកន្លែងពិបាកធ្វើ ចរាចរណ៍ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានធ្វើការបិទចរាចរណ៍ ទាំងស្រុង ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ 76 ចន្លោះបង្គោល គីឡូម៉ែត្រលេខ ២៧០ ដល់ បង្គោលគីឡូម៉ែត្រលេខ២៧៣ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បី ថែរក្សា ផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋប្រកបដោយ សុវត្ថិភាព៕




