ព័ត៌មានជាតិ

លោកស្រី ចាយ ច័ន្ទរ៉ានី ភរិយាឧត្តមសេនីយ៍ទោ ហ៊ុល សំអុន អញ្ជើញចុះទៅ​សមរភូមិ​មុខ​ដោយផ្ទាល់ ដើម្បីចែកជូនបាយសម្ល ១៥០០កញ្ចប់ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់កងទ័ព​ជួរមុខ

ភ្នំពេញ៖ បន្ទាប់ពីបានរៀបចំចម្អិនបាយសម្លដោយផ្ទាល់ ជាមួយយោធិននារី នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ លោកស្រី ចាយ ច័ន្ទរ៉ានី ភរិយាឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ​កងពលតូច​ដឹកជញ្ជូន​លេខ​៩៩ បាន​អញ្ជើញចុះទៅផ្ទាល់ ទៅ​កាន់​សមរភូមិ​មុខ​ជា​លើក​ទី​៧ ដើម្បីចែកជូនបាយសម្លរចំនួន១៥០០កញ្ចប់ និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់ កងពលតូចអន្តរាគមន៍លេខ៨, កងពលតូចអន្តរគមន៍លេខ១២៨, បញ្ជាការដ្ឋានទ័ពពិសេស, កងកាំភ្លើងធំ, បញ្ជាការដ្ឋានកងទ័ពជើងទឹក និងកងពលតូចដឹកជញ្ជូនលេខ៩៩ កម្លាំងប្រចាំការទីបញ្ជាការស្រអែមនិងកម្លាំងសហការជាមួយកម្លាំងកាំភ្លើងធំ។

​សកម្មភាព​នេះ​បាន​បង្ហាញ​នូវ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា តាមរយៈ​ការ​រៀបចំ​ចម្អិន​បាយ​សម្ល​ ដោយ​ផ្ទាល់​ដៃ ដើម្បី​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ​នៃ ដែល​បាន​ពលី​កម្លាំងកាយ​ពលី​ចិត្ត​ការពារ​បូរណភាព​ទឹកដី។ នេះ​ជា​ការ​បង្ហាញ​នូវ​ក្តី​គោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វីរភាព និង​ការលះបង់​របស់វីរៈកងទ័ពទាំងអស់នៅសមរភូមិ​មុខ។

​សូមបញ្ជាក់​ថា កន្លងមកលោកស្រី ចាយ ច័ន្ទរ៉ានី រួម​ជាមួយ​យោធិននារី​កងពល​តូចដឹកជញ្ជូនលេខ៩៩ បាន​រៀបចំចម្អិនបាយសម្លរ យកចែកជូនដល់វីរៈកងទ័ពជួរមុខបានចំនួន ៦លើក​រួចមក​ហើយ ដើម្បី​ផ្តល់​កម្លាំងចិត្ត​ដល់​បងប្អូន​កងទ័ព។ ​សកម្មភាព​ទាំងនេះ​ពិតជា​បាន​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពី ស្មារតី​សាមគ្គីភាព​ជាតិ ជា​ធ្លុង​មួយ រវាង​សមរភូមិ​ក្រោយ​និង​សមរភូមិ​មុខ ដែល​មាន ឆន្ទៈ​តែមួយ ស្មារតី​តែមួយ និង​បេះដូង​តែមួយ ក្នុង​ការ​រួមគ្នា​ទប់ទល់​រាល់​ការ​ឈ្លានពាន​ពី​សំណាក់​បរទេស។ ការ​គាំទ្រ​ពី​ខាងក្រោយ​នេះ​គឺជា​ខែល​ដ៏​រឹងមាំ​មួយ​សម្រាប់​លើក​កម្ពស់​ស្មារតី​ប្រយុទ្ធ​របស់​កងទ័ព​ជួរមុខ​យើង៕

To Top