ព័ត៌មានជាតិ

ជប៉ុន នឹងបន្តជួយគាំទ្រទាំងជនរងគ្រោះនៃជម្លោះព្រំដែន កម្ពុជា-ថៃ និងស្ថាបនាតំបន់ព្រំដែនឡើងវិញ

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន នឹងបន្តជួយគាំទ្រទាំងជនរងគ្រោះនៃជម្លោះព្រំដែនរវាង កម្ពុជា-ថៃ និងស្ថាបនាតំបន់ព្រំដែនឡើងវិញ ហើយជប៉ុន បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន១,៨លាន ដុល្លារអាមេរិករួចមកហើយ ដើម្បីគាំទ្រដល់ប្រជាជនក្នុងតំបន់រងគ្រោះ។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើ កិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ នៅថ្ងៃ០៩ ខែតុលា ឆ្នាំ២០២៥ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថែនាពេលថ្មីៗនេះបានទៅកាន់សុគតិភព និងសូមសម្តែងនូវក្តីអាណិតអាសូរជាពន់ពេកចំពោះអ្នកដែលទទួលរងគ្រោះទាំងអស់ផងដែរ។

លោក ឯកអគ្គរាជទូត បន្ដថា រដ្ឋាភិបាលជប៉ុន ក៏បានចូលរួមសាទរចំពោះកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់បន្ទាន់ នឹងឥតលក្ខខ័ណ្ឌ កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅ និងកិច្ចប្រជុំជាបន្តបន្ទាប់ ដើម្បីជំរុញកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយសង្ឃឹមថា បញ្ហានេះនឹងត្រូវបានដោះស្រាយ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន តាមរយៈការសន្ទនាដោយសន្តិវិធី។

លោក ឯកអគ្គរាជទូតជប៉ុន បានគូសបញ្ជាក់ថា «យើងនឹងបន្តជួយគាំទ្រទាំងជនរងគ្រោះនៃជម្លោះព្រំដែន និងការស្ថាបនាតំបន់ព្រំដែនឡើងវិញ ហើយយើងបានផ្តល់ជូននូវជំនួយសង្គ្រោះបន្ទាន់ចំនួន ១,៨លាន ដុល្លារអាមេរិករួចមកហើយ ដើម្បីគាំទ្រដល់ប្រជាជនក្នុងតំបន់រងគ្រោះ»៕

To Top