ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ បដិសេធការអះអាង អំពីការគំរាមកំហែងនុយក្លេអ៊ែរ​ នៅពីក្រោយការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិក

តេអេរ៉ង់៖​ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi​ បានហៅការអះអាងថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ត្រូវបានជំរុញដោយការគំរាមកំហែងនុយក្លេអ៊ែរ​ ដែលជិតមកដល់ថាជា “ការភូតកុហកដ៏អាក្រក់”។

លោកបានធ្វើការកត់សម្គាល់នៅលើ X ដោយថា ការអះអាងនេះត្រូវបាន “បដិសេធយ៉ាងពេញលេញ” ដោយអគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi និងរដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Sayyid Badr bin Hamad bin Hamood Albusaidi។

លោកបានលេីកឡេីងថា​ អ៊ីរ៉ង់មិនបាន “សម្លាប់ការទូតនោះទេ ប៉ុន្តែ អ្នកដែលបំផ្ទុះតុចរចាបានសម្លាប់” នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ 

អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាដោយប្រយោលចំនួនប្រាំជុំ ដែលត្រូវបានសម្របសម្រួលដោយប្រទេសអូម៉ង់ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការដកចេញនូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយហៀបនឹងធ្វើលើកទីប្រាំមួយ មុនពេលអ៊ីស្រាអែល​ បើកការវាយប្រហារតាមអាកាសដ៏គួរឱ្យភ្ញាក់ផ្អើលនៅថ្ងៃទី១៣​ ខែមិថុនា ដោយកំណត់គោលដៅលើតំបន់ជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធាផងដែរ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top