ព័ត៌មានអន្តរជាតិ

តួគី ចេញដីកាចាប់ខ្លួន មេដឹកនាំអ៊ីស្រាអ៊ែលលោក Netanyahu ករណីប្រល័យពូជសាសន៍

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ការិយាល័យរដ្ឋអាជ្ញានៃ រដ្ឋាភិបាលទីក្រុងអ៊ីស្តង់ប៊ុល បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីជាន់ខ្ពស់ចំនួន ៣៦នាក់ផ្សេងទៀត ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងតំបន់ហ្គាហ្សា។

ប្រទេសអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួនជាការឆ្លើយតបទៅនឹងការវាយឆ្មក់ដឹកនាំដោយក្រុមហាម៉ាស់កាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ដែលបានសម្លាប់មនុស្សប្រហែល ១២០០នាក់។ 

ចាប់តាំងពីពេលនោះមក ការវាយប្រហារសងសឹក និងប្រតិបត្តិការជើងគោកបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង៦៨០០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលរបស់ហ្គាហ្សា។

ដីកាដែលចេញផ្សាយដោយប្រធានការិយាល័យរដ្ឋអាជ្ញាសាធារណៈនៃទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃសុក្របានចោទប្រកាន់មន្ត្រីអ៊ីស្រាអែលថាបានចូលរួមក្នុងយុទ្ធនាការ ជាប្រព័ន្ធ នៃអំពើហឹង្សាប្រឆាំងនឹងជនស៊ីវិល រួមទាំងការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យមិត្តភាពតួគី-ប៉ាឡេស្ទីន និងការរារាំងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា។

គួរឲ្យដឹងដែរថាអ៊ីស្រាអែល និងក្រុមហាម៉ាសបានព្រមព្រៀងបទឈប់បាញ់គ្នានៅដើមខែតុលា ក្រោមផែនការសន្តិភាព២០ចំណុចរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលជាសង្រ្គាមមួយក្នុងចំណោមសង្រ្គាមទាំង៨ដែលមេដឹកនាំអាមេរិកអះអាងថានឹងបញ្ចប់ក្នុងរយៈពេល៨ខែ៕

ប្រែសម្រួល៖ស៊ុនលី

To Top