ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលមានពិការភាពក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនមានពិការភាពក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលមានពិការភាព ក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោមប្រធាន “បរិយាបន្ន ពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម” ។

តាមរយៈរបាយការណ៍របស់ លោក សុខ ម៉េង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនមានពិការភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ មានមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលមានពិការភាព សរុបចំនួន ៣៩រូប ស្មើ ២,៨% ធៀបនឹងចំនួនមន្ដ្រីរាជការសរុបនៃក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនោះនៅទីស្ដីការក្រសួងមានចំនួន ១២រូប និងនៅតាមបណ្ដាមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត មានចំនួន ២៧រូប។

ជាមួយគ្នានោះផងដែរ លោក សំ រដ្ឋា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារ បានឡើងអានព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤៣ ។

អញ្ជើញមានប្រសាសន៍សំណេះសំណាល លោក ឆាយ ឫទ្ធិសែន បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារសកម្មភាពជនពិការ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសបងប្អូនជាមន្ត្រីរាជការ មានពិការភាពទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ តាមរយៈការបានបំពេញ ការងារជាមន្ត្រីរាជការ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកក្រៃលែង ពីសំណាក់ប្រមុខដឹកនាំកំពូលៗ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះអង្គពិធីទាំងមូល។

លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ជូនថា ក្រោមដំបូលសន្តិភាពពេញលេញនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងវិស័យពិការភាព សំដៅជួយដល់ជនមានពិការភាព និងក្រុមគ្រួសារឱ្យទទួលបានគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈស្មើគ្នាៗ និងការចូលរួមគ្រប់សកម្មភាពក្នុងសង្គម ។

ជាមួយគ្នានេះដែរ ក្រសួងអភិវឌ្ឍន៍ជនបទ តែងតែរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលមានពិការភាព កំពុងបម្រើការងារក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីចូលរួមអបអរសាទរ ទិវាជនមានពិការភាពកម្ពុជា និងទិវាជនមានពិការភាពអន្តរជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ផងដែរ។

ទន្ទឹមនឹងនោះដែរ ដើម្បីរួមចំណែកគាំទ្រទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និង អន្តរជាតិ លើកទី៤៣ ឆ្នាំ២០២៥ នេះ លោករដ្ឋមន្ត្រី បានអំពាវនាវ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងក្រុមការងារ លើកឡើងថា បងប្អូនមានពិការភាពទាំងអស់ ត្រូវបន្តរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យាដែលមានពិការភាព កំពុងបម្រើការងារក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានទៀតទាត់ជារៀងរាល់ឆ្នាំ និងចំថ្ងៃនៃការប្រារព្ធទិវានេះ និងត្រូវបន្ដ យកចិត្តទុកដាក់ ប្រកបដោយសេចក្ដីស្រលាញ និងផ្ដល់តួនាទី ភារកិច្ច ជូនចំពោះជនមានពិការភាពទាំងអស់ ឱ្យបានកម្រិតខ្ពស់។

ជាកិច្ចបញ្ចប់នៃពិធីសំណេះសំណាល លោករដ្ឋមន្ត្រី បាននាំយកនូវអំណោយដ៏ថ្លៃថ្លា របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនមានពិការភាពទាំងអស់ ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕

To Top