លោក ឆាយ ឫទ្ធិសែន អញ្ជើញទទួលអំណោយសប្បុរសធម៌ សម្រាប់យកទៅឧបត្ថម្ភគាំទ្រ ដល់គ្រួសារវីរកងទ័ពឈរជើង នៅសមរភូមិជួរមុខ និងប្រជាជនភៀសសឹកកម្ពុជា
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ បានអញ្ជើញទទួលអំណោយរបស់ លោកស្រី នុច ចន្ថា ភរិយារបស់ លោក ជួប រតនា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមហ៊ុនចំនួន ២មកចូលរួមក្នុងមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ សម្រាប់យកទៅឧបត្ថម្ភគាំទ្រដល់គ្រួសារវីរកងទ័ពឈរជើង នៅសមរភូមិជួរមុខ និងប្រជាជនភៀសសឹកកម្ពុជា ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន នៅតាមទីតាំងសុវត្ថិភាពនានា ក្នុងអំឡុងពេលនៃការប៉ះទង្គិច ដោយប្រដាប់អាវុធរវាងយោធាកម្ពុជា និងថៃ នាពេលកន្លងមកនេះ។
១/ លោកស្រី នុច ចន្ថា ភរិយារបស់ លោក ជួប រតនា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឧបត្ថម្ភសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដូចជា អង្រឹង ចំនួន ៥០អង្រឹង, ទឹកបរិសុទ្ធ ចំនួន ១០កេស, ភេសជ្ជៈ V-cola ចំនួន ១០កេស, និងកាហ្វេ Ngon ចំនួន ៥កេស ម។



២/ ក្រុមហ៊ុន Branch of China Jiangxi International Economic and Technical Cooperation Co.,Ltd បានឧបត្ថម្ភថវិកាចំនួន ៣ ០០០ ដុល្លាសហរដ្ឋអាមេរិក



៣ /លោកអគ្គនាយក ក្រុមហ៊ុន រ៉ូយ៉ាល់ មេគង្គ ខនស្ដ្រាក់សិន & ឌីវើឡុបមែន បានឧបត្ថម្ភថវិកា ចំនួន ១ ០០០ ដុល្លាសហរដ្ឋអាមេរិក។


ក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវសេចក្ដីសោមនស្សប្រកបដោយមោទនភាព និងបានថ្លែងអំណរគុណជ្រាលជ្រៅចំពោះទឹកចិត្ត ប្រកបដោយសប្បុរសធម៌ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីសាមគ្គីភាព រួបរួមជាតិ ស្នេហាជាតិ ខ្មែរតែមួយ ដែលនៅសមរភូមិក្រោយដ៏រឹងមាំ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។

អំណោយដ៏ថ្លៃថ្លានេះ គឺពិតជាបានចូលរួមដោះស្រាយការលំបាក ប្រចាំថ្ងៃរបស់គ្រួសារវីរកងទ័ពជួរមុខ ក៏ដូចជាបងប្អូនប្រជាជនភៀសសឹក ដែលកំពុងត្រូវការនូវជំនួយជាចាំបាច់ ក្នុងអំឡុងពេលនៃការស្នាក់នៅ បណ្ដោះអាសន្ននោះ បានពិតប្រាកដ ៕
