ព័ត៌មានអន្តរជាតិ

ស្ថានីយប្រេងឥន្ធនៈ PTT ១១កន្លែងនៅទូទាំង ខេត្តព្រំដែនភាគខាងត្បូងទាំងបី ក្នុងប្រទេសថៃ ត្រូវវាយប្រហារដោយបំផ្ទុះគ្រាប់បែក


បរទេស: បញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (ISOC) តំបន់ទី៤ របស់កងទ័ពថៃ បានរាយការណ៍ពីការវាយប្រហារ ដោយគ្រាប់បែកជាបន្តបន្ទាប់ នៅពេលយប់ជ្រៅ ដែលផ្តោតលើស្ថានីយប្រេងឥន្ធនៈ PTT ជាច្រើនកន្លែងនៅទូទាំងខេត្តព្រំដែនភាគខាងត្បូងទាំងបី គឺខេត្តណារ៉ាធីវ៉ាត ប៉ាតានី និងយ៉ាឡា។

‎យោងតាមសារព៏ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ហេតុការណ៍វាយប្រហារទាំងនេះបានកើតឡើងនៅវេលាម៉ោងប្រហែលពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ (ថ្ងៃទី១១ ខែមករា) ដោយមានស្ថានីយប្រេងឥន្ធនៈ PTT សរុបចំនួន ១១ កន្លែងត្រូវបានវាយប្រហារ ដែលបង្កឱ្យមានការភ្ញាក់ផ្អើល ក្នុងចំណោមប្រជាជន។

‎កម្លាំងសន្តិសុខរបស់ថៃ បានគ្រប់គ្រងស្ថានការណ៍ ឡោមព័ទ្ធតំបន់ទាំងនោះ និងកំពុងធ្វើការត្រួតពិនិត្យលម្អិតដើម្បីធានាសុវត្ថិភាពសាធារណៈ។

‎អាជ្ញាធរកំពុងវាយតម្លៃការខូចខាត និងតាមដានអ្នកដែលទទួលខុសត្រូវ។

ប្រែសម្រួល: ណៃ តុលា

To Top