ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអីរ៉ង់ថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចហើយ សម្រាប់សង្គ្រាម

បរទេស៖ រដ្ឋមន្ត្រីការបរទេសអីរ៉ង់ លោក Abbas Araghchi បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់មិនស្វែងរកសង្គ្រាមទេ ប៉ុន្តែអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ជម្លោះបើកចំហ បន្ទាប់ពីក្នុងអំឡុងសង្គ្រាមរយៈពេល ១២ ថ្ងៃជាមួយអ៊ីស្រាអែលកាលពីឆ្នាំមុន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់លោកបានកើតឡើងបន្ទាប់ពីការគំរាមកំហែងជាច្រើនលើកដោយប្រធានាធិបតីអាមេរិកលោក Donald Trump ដើម្បីធ្វើអន្តរាគមន៍យោធាលើការបង្ក្រាបរបស់រដ្ឋាភិបាលអ៊ីរ៉ង់លើកុបកម្មដ៏សាហាវដែលកំពុងធ្វើឱ្យរង្គោះរង្គើប្រទេស ដែលទីក្រុងតេអេរ៉ង់បានអះអាងថា ត្រូវបានរៀបចំឡើងដោយអាមេរិក និងអ៊ីស្រាអែល ។

លោក Araghchi បានប្រាប់កិច្ចប្រជុំអ្នកការទូតបរទេសនៅទីក្រុងតេអេរ៉ង់ថា “យើងមិនស្វែងរកសង្គ្រាមទេ ប៉ុន្តែយើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាម ហើយយើងថែមទាំងត្រៀមខ្លួនរួចជាស្រេច ជាជាងសង្គ្រាមដប់ពីរថ្ងៃមុនជាមួយអ៊ីស្រាអែលទៅទៀត”។

សូមជម្រាបថា កុបកម្ម ដែលបានចាប់ផ្តើមនៅចុងខែធ្នូ ខណៈដែលការតវ៉ាជុំវិញការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់អ៊ីរ៉ង់ និងវិបត្តិថ្លៃដើមនៃការរស់នៅរបស់ប្រទេសអ៊ីរ៉ង់ដែលរងទណ្ឌកម្ម បានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់ទីក្រុងជាច្រើន និងបានកើនឡើងដល់ភាពចលាចលជាតិដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top