លទ្ធផលនៃកិច្ចប្រជុំ របស់ គ.ជ.ប. លើការពិនិត្យ និងពិភាក្សារបៀបវារៈ ចំនួន៥
ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពរបស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេច លើកំណត់ហេតុ នៃកិច្ចប្រជុំរបស់ គ.ជ.ប សេចក្តីព្រាងសេចក្តីសម្រេចប្រតិទិន ផែនការមេ គំរូបញ្ជីបោះឆ្នោត លិខិតអញ្ជើញ និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោត និងទម្រង់បែបបទ ស្រោមសំបុត្រ គំរូស្លាកសម្គាល់ការិយាល័យចុះឈ្មោះបោះឆ្នោត គំរូត្រា កញ្ចប់ឬស្បោងដាក់សម្ភារ ឯកសារ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។
ក្រោយពីបានស្តាប់របាយការណ៍របស់ លោក ទេព នីថាអគ្គលេខាធិការ គ.ជ.ប និងរបាយការណ៍ របស់មន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប តាមរបៀបវារៈនីមួយៗ រួចមកអង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាតាមរបៀបវារៈ ហើយអង្គប្រជុំ គ.ជ.ប បានសម្រេច ដូចខាងក្រោម៖
១. របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលលើពាក្យពេចន៍ និងបានឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។
២. របៀបវារៈទី២៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សាកែសម្រួល និងបានសម្រេច ដូចខាងក្រោម៖
-ឯកភាពលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
-ឯកភាពលើប្រតិទិនសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ និង
-ឯកភាពលើផែនការមេ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។
៣. របៀបវារៈទី៣៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សាកែសម្រួលខ្លឹមសារ និងបានឯកភាពលើឯកសារសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ រួមមាន៖
-លិខិតអញ្ជើញអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ឬ/និងទិន្នន័យជីវប្រវត្តិ។
–លិខិតអញ្ជើញសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។
–គំរូបញ្ជីបោះឆ្នោតផ្លូវការចុងក្រោយឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
–គំរូទម្រង់បញ្ជីបោះឆ្នោតដំបូងឆ្នាំ២០២៦ និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៦ សម្រាប់បិទផ្សាយជាសាធារណៈ និងសម្រាប់ដាក់ផ្សាយលើអាសយដ្ឋានវេប គ.ជ.ប។
៤. របៀបវារៈទី៤៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សា និងបានកែសម្រួលលើទម្រង់ ១០២៨ និងបានឯកភាពលើទម្រង់បែបបទទាំងអស់មានចំនួន ១៥ ទម្រង់ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។
៥. របៀបវារៈផ្សេងៗ៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សាអំពីការប្រើប្រាស់លេខកូដ ការិយាល័យបោះឆ្នោតចំនួន ៤ (បួន) ខ្ទង់។ អង្គប្រជុំ គ.ជ.ប បានឯកភាពឱ្យប្រើលេខកូដការិយាល័ យ បោះឆ្នោតចំនួន ៤ (បួន) ខ្ទង់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោ តឆ្នាំ២០២៦៕









