ភ្នំពេញ៖ ដើម្បីទប់ស្កាត ការរាតត្បាត មេរោគកូវីដ១៩ ក៏ដូចជាបញ្ជៀសហានិភ័យ នៃរលកទី២ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បានធ្វើការណែនាំ ៧ចំណុច។
វិធានការទាំង៧នោះ មានដូចខាងក្រោម៖
១. ត្រូវបន្តចាត់តាំងកម្លាំង ដើម្បីផ្សព្វផ្សាយ អប់រំ និងណែនាំប្រជាពលរដ្ឋ ដែលរស់នៅ និងស្នាក់នៅក្នុងមូលដ្ឋានខណ្ឌ សង្កាត់ ជាពិសេសកម្ម្ករ កម្មការិនី នៅតាមបណ្តារោងចក្រ នានា ក្នុងរាជធានីភ្នំពេញ អោយអនុវត្ត នូវវិធនាការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ ដោយត្រូវលាងដៃជាប្រចាំ ពាក់ម៉ាស់ ឬប្រើប្រាស់ក្រម៉ា និងត្រូវខ្ទប់មាត់ នៅពេលក្អក ឬកណ្តាស់ ព្រមទាំងត្រូវបន្តអនុវត្ត គម្លាតសុវត្ថិភាពសង្គម និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ជាចាំបាច់ ។
២. ត្រូវបន្តហាមឃាត់ ការជួបជុំ ឬការប្រមូលផ្តុំ ដូចជាកម្មវិធីជប់លៀង ឬការជួបជុំបែបសាសនាទាំងអស់ ។ល។ នៅក្នុងមូលដ្ឋាន រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ។
៣. ត្រូវចុះពិនិត្យ និងតាមដាននៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរនានា អោយអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ ក្នុងនោះម្ចាស់អាជីវកម្មទាំងអស់ខាងលើ ត្រូវរៀបចំជែល ឬអាល់កុលលាងដៃ នៅមុខច្រកទ្វារចេញ ចូល និងត្រូវចាត់តាំងបុគ្គលិក អោយធ្វើការវាស់កម្តៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាត អោយចូលក្នុងទីតាំងអាជីវកម្មទាំងនោះ ។ ក្នុងករណីដែលម្ចាស់ទីតាំងអាជីវកម្មខាងលើ មិនអនុវត្តតាមការណែនាំទេនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទអាជីវកម្មជាបណ្តោះអាសន្ន ។
៤. ត្រូវបន្តចុះត្រួតពិនិត្យ និងតាមដានការអនុវត្តនូវវិធានការផ្អាកជាបណ្តោះអាសន្ន នូវទីតាំងអាជីវកម្មមួយចំនួន ដូចជា ក្លឹបហាត់ប្រាណ រោងភាពយន្ត KTV ក្លឹបកម្សាន្ត (រង្គសាល ខារ៉ាអូខេ ដីស្កូតែក បៀរហ្គាឌិន) អាជីវកម្មម៉ាស្សាសុខភាព និងស្ប៉ា ។
៥. ចុះស្រង់ស្ថិតិបងប្អូនប្រជាពលរដ្ឋ ដែលទើបអញ្ជើញមកពីក្រៅប្រទេស និងណែនាំអោយពួកគាត់ ធ្វើចត្ថាឡីស័ក និងតាមដានសុខភាពផ្ទាល់ខ្លួនជាចាំបាច់ ក្នុងរយៈពេល១៤ថ្ងៃ ហើយក្នុងករណីសង្ស័យ ឬមានអាការៈមិនស្រួលខ្លួន ដូចជាក្តៅខ្លួន ក្អក ឈឺបំពង់ក ឬពិបាកដកដង្ហើម ត្រូវទៅពិនិត្យព្យាបាលជំងឺ នៅមណ្ឌលសុខភាព ឬមន្តីរពេទ្យបង្អែក ដែលនៅជិតជាបន្ទាន់ ឬត្រូវទំនាក់ទំនងតាមទូរស័ព្ទទៅលេខ ១១៥ ។
៦. ចុះពិនិត្យស្ថានភាពនៅទីកន្លែង ស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើចត្ថាឡីស័កតាមផ្ទះ ដែលបញ្ជូនមកពីមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក និងពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត ធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កទាំងអស់ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ និងត្រូវរៀបចំចាត់ចែងការងារបន្ត ដោយផ្អែកលើលទ្ធផល នៃការតាមដានសុខភាព ។
៧. ត្រូវអនុវត្តអោយបានម៉ឺងម៉ាត់ នូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល មេរោគកូវីដ១៩ ផ្សេងទៀត របស់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានា ដែលកំពុងនៅជាធរមាន ។