អាជីវករ មានជម្រើសកាន់តែច្រើន សម្រាប់ការលក់ដូរ ក្រោយផ្សារបោះដុំបន្លែរលួស សាងសង់រួចរាល់
ភ្នំពេញ៖ ដើម្បីរួចចំណែកជាមួយអាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ជុំវិញផ្សារដើមគ ដែលបញ្ឈប់ការលក់ដូរ លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ និងដើម្បីផ្តល់ជាជម្រើសកាន់តែច្រើន ដល់អាជីវករ ផ្សារបន្លែបោះដុំ រលួសថ្មី បាននិងកំពុងលេចរូបរាងឡើង ជាមួយតូបលក់ដូរយ៉ាងច្រើន និងទីតាំងធំទូលាយ។
ស្រប់តាមយុទ្ធសាស្ត្ររបស់អាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងសោភណ្ឌភាពទីក្រុង អាជីវករ ដែលធ្លាប់លក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ជុំវិញផ្សារដើមគ និងអាជីវកនានា អាចមានជម្រើសកាន់តែច្រើន តួរយ៉ាងផ្សារដើមគថ្មី នៅទិសខាងជើង ដោយឡែក ផ្សារបោះដុំបន្លែរលួស ក៏កំពុងកសាងឡើង ស្ថិតនៅទិសខាងត្បូង ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការស្តុកទុក និងបោះដុំ ចែកចាយ បន្លែ ផ្លែឈើ ត្រី សាច់ជាដើម។

យោងតាម លោក ឆឹង ឆាវហ្ស៊ាង ប្រធានផ្សារបោះដុំរលួស បានឱ្យដឹងថា ផ្សារបោះដុំរំលួស ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ លើផ្លូវជាតិលេខ ជាប់ជាមួយផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលងាយស្រួលដល់ការដឹកជញ្ជូន បន្លែ ផ្លែឈើ ត្រីសាច់ជាដើម ពីបណ្តាខេត្តចូលមករាជធានីភ្នំពេញ ដើម្បីចែកចាយបន្ត ដល់អតិថិជនរបស់ខ្លួន ។
អ្វីដែលជាចំណុចសំខាន់ ការលក់ដូរនៅផ្សារបោះដុំរលួស អាចឱ្យបងប្អូនអាជីវករ លក់ដូរ ងាយស្រួល ជាមួយតូបលក់មានទំហំធំ ៥គុណ១០ ក្នុងមួយតូប និងត្រូវបានកសាងឡើង ដោយមានការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ទាំងអគ្គិសីនីរដ្ឋ ទឹកស្អាត និងលូបង្ហូទឹកកង្វក់ធំ ចំណែកផ្លូវក្នុងផ្សារមានទទឹងរហូតដល់ ១៦ម៉ែត្រ ងាយស្រួលទាំងរថយន្តធន់ធំចូលដាក់ និងលើកឡើងរថយន្ត ។
លោក ឆឹង ឆាវហ្ស៊ាង បានគូសបញ្ជាក់ នៅថ្ងៃ២៤ ខែមករា ឆ្នាំ២០២៦នេះថា បច្ចុប្បន្នផ្សារនេះ សាងសង់បានជាង៨០% ក្នុងជំហ៊ានទី១ មាន៥០០តូប ដែលសាងសង់លើផ្ទៃដីជាង២០ហិចតា ។ ក្នុងរយៈពេល១៥ថ្ងៃខាងមុខ ផ្សារនេះ នឹងបើកដំណើរការ ខណៈពេលនេះ អាជីវករអាចទាក់ទង កក់ទុក និងទទួលបានឱកាសជាច្រើន ដូចជាតម្លៃជួលតូបទាប រួមទាំងមានបន្ទប់ទឹកតាមតូបនីមួយៗរៀងៗខ្លួន និងលក់ដូរហ្រ្វីរយៈ១ឆ្នាំខាងមុខផ្សារនៅរាត្រី ជាពិសេសអ្វីដែលម្ចាស់ផ្សារ គិតគូរដល់ជាជីវករថែមទៀត ប្រសិនបើបងប្អូនលក់ដូរបន្លែនៅសល់ នឹងជួយទិញយក សម្រាប់កែឆ្នៃជាចំណីសត្វ ក្នុងតម្លៃសមរម្យពីអាជីវករផងដែរ ។
សូមបញ្ជាក់ថា ផ្សារបន្លែបោះដុំរលួសនេះ ត្រូវបានវិនិយោគដោយជនជាតិចិន ដែលរស់នៅកម្ពុជា ជាង១០ឆ្នាំ មកហើយ ក្នុងទុនវិនិយោគជាង៣លានដុល្លារ លើផ្ទៃដីជាង២០ហិចតា៕











