អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងម៉ាស្សា៣កន្លែង ឃាត់ខ្លួនជនសង្ស័យ៥នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីបន្លំប្រាក់ក្លែងក្លាយភ្ញៀវ
ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបទីតាំងម៉ាស្សា៣កន្លែង ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធ ករណីបន្លំប្រាក់ក្លែងក្លាយ បទឆបោក បទលួច និងបទសមគំនិត ក្នុងអំពើលួចមានស្ថានទម្ងន់ទោស ។
យោងតាមអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បានទទួលបណ្តឹងពីជនរងគ្រោះ ជាជនជាតិបរទេសម្នាក់ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដោយអះអាងថា ខ្លួនបានចូលទៅ ហាងម៉ាស្សាមួយកន្លែងយីហោ ”ម៉ាស្សាបែបបុរាណ” ស្ថិតនៅតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បន្ទាប់ពីម៉ាស្សារួចខ្លួន ក៏ត្រឡប់ទៅសណ្ឋាគារវិញ ក៏បានដឹងថាខ្លួនត្រូវបានគេលួចដូរលុយដុល្លារពិតប្រាកដ ដាក់លុយដុល្លារក្លែងក្លាយចំនួន ១,៤០០$ ខ្លួនក៏បានពិភាក្សាជាមួយបុគ្គលិកសណ្ឋាគារ ហើយបុគ្គលិកសណ្ឋាគារ ណែនាំឲ្យខ្លួនទូរសព្ទប្តឹងទៅសមត្ថកិច្ចតែម្ដង។

បន្ទាប់ពីទទួលបានបណ្តឹង រហូតមកដល់ម៉ោង២៣និង៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស អាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌចំការមន បានឆ្មក់ចូលបង្ក្រាបឆែកឆេរទីតាំងហាងម៉ាស្សាខាងលើ រកឃើញបន្ទប់ម៉ាស្សា មានចំនួន០២បន្ទប់ និងរកឃើញមានច្រកទ្វាសម្ងាត់មួយទៀត ដែលនៅក្បែរបន្ទប់ម៉ាស្សា ច្រកទ្វាសម្ងាត់នោះ អាចចូលជំហៀងខាងស្តាំ ទៅពីខាងក្រោយបន្ទប់ម៉ាស្សា ហើយនៅតាមបន្ទប់ម៉ាស្សាទាំងពីរ គឺមានទូដាក់ខោអាវរបស់ភ្ញៀវ តែនេះជាការក្លែងបន្លំភ្នែកភ្ញៀវប៉ុណ្ណោះ ព្រោះនៅខាងក្រោយទូ គឺមានទ្វាសម្ងាត់មួយទៀត ដែលអាចបើកសម្រាប់លួចដូរលុយរបស់ភ្ញៀវបាន។
ក្រោយមកជំនាញបានឃាត់ខ្លួន មនុស្សសរុបចំនួន៧នាក់ (ស្រី) ព្រមទាំងដកហូតប្រាក់ដុល្លារក្លែងក្លាយមួយចំនួន នាំយកមកអង្គភាពអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ បន្ទាប់ពីធ្វើការស្រាវជ្រាវ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានបន្តធ្វើការចុះឆែកឆេរ នៅទីតាំងទីពីរដាក់ស្លាកយីហោ”ម៉ាស្សា” ស្ថិតនៅផ្ទះលេខ181 ផ្លូវលេខ63 ភូមិ02 សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានថៅកែឈ្មោះ ស្រស់(គេចខ្លួន) រួចចាប់ខ្លួនជនសង្ស័យ ជាអ្នកមើលការខុសត្រូវចំនួន១នាក់ ឈ្មោះ តុង យុទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ និងរកឃើញបន្ទប់ម៉ាស្សា និងច្រកសម្ងាត់ សម្រាប់ចូលបើកទូលួចដូរលុយភ្ញៀវ ព្រមទាំងរកឃើញលុយដុល្លារក្លែងក្លាយជាច្រើនសន្លឹក បន្ទាប់មកទៀត ជំនាញបានបន្តឆែកឆេរនៅទីតាំងទីបី ដាក់ស្លាកយីហោម៉ាស្សា ម៉ាស្សា ស្ថិតនៅផ្ទះលេខ11 ផ្លូវលេខ278 ភូមិ05 សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រកឃើញបន្ទប់ម៉ាស្សា និងច្រកសម្ងាត់ ព្រមទាំងលុយដុល្លាក្លែងក្លាយជាច្រើន នាំយកមកដើម្បីចាត់ការបន្តតាមនីតិវិធី ។

បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមក កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញជនសង្ស័យ ជាប់ពាក់ព័ន្ធក្នុងអំពើល្មើសខាងលើមានចំនួន៥នាក់រួមមាន៖ 1- ឈ្មោះ ផេង សុខឡៃ ភេទស្រី អាយុ៤៤ឆ្នាំ, 2-ឈ្មោះ អឿន សំអន ភេទប្រុស អាយុ៤៧ឆ្នាំ, 3-ឈ្មោះ តុង យុទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ, 4-ឈ្មោះ ទ្រី ស៊ីម៉ា ភេទស្រី អាយុ២៣ឆ្នាំ, 5-ឈ្មោះ ទុយ ម៉ែងហ័ង ភេទស្រី អាយុ១៩ឆ្នាំ។ ចំណែកឯអ្នកមិនពាក់ព័ន្ធចំនួន៣នាក់ទៀត អនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។
ក្រោមវិធានការជំនាញរបស់សមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំង៥នាក់ខាងលើ បានសារភាពឱ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្ត ដូចការរៀបរាប់ខាងលើពិតប្រាកដមែន។ ជនសង្ស័យទាំង៥នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្ស នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

